[ទីផ្សារបរទេស] នៅដើមខែតុលានេះ ក្រុមហ៊ុនរថយន្តជាច្រើនក្នុងសហរដ្ឋអាមេរិកចាប់ផ្ដើមប្រកាសលទ្ធផលលក់សម្រាប់រយៈពេលបីត្រីមាសដំបូង និងសម្រាប់ត្រីមាសទីបីនៃឆ្នាំ២០២២នេះ។
ជាលទ្ធផលឃើញថា ក្រុមហ៊ុន General Motors អាចលក់រថយន្តបាន ៥៥៥ ៥៨០គ្រឿង នៅត្រីមាសទីបី កើនឡើង ២៤% ធៀបនឹងត្រីមាសទីបីកាលពីឆ្នាំ២០២១។ ចំណែក Toyota លក់បាន ៥២៦ ០១៧គ្រឿង ថយចុះ ៧,១% ដែលនេះគឺជាត្រីមាសទីពីរដែលឃើញថាក្រុមហ៊ុន General Motors អាចលក់បានច្រើនជាង Toyota។
សរុបរយៈពេលបីត្រីមាស General Motors អាចលក់រថយន្តបានជាង ១,៦៥លានគ្រឿង ដែលច្រើនជាងជិត ៨ម៉ឺនគ្រឿង បើប្រៀបធៀបនឹងចំនួនលក់ ១,៥៧លានគ្រឿង របស់ Toyota។ លទ្ធផលនេះធ្វើឲ្យ General Motors អាចកាន់កាប់តំណែងជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេប្រចាំឆ្នាំជាបណ្ដោះអាសន្ន។
រំលឹកទៅឆ្នាំ២០២១ Toyota បានយកឈ្នះ General Motors ក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់បានច្រើនជាងគេនៅសហរដ្ឋអាមេរិក ជាលើកដំបូងក្នុងពេល៩០ឆ្នាំ ដែលក្រុមហ៊ុន General Motors បានបាត់បង់តំណែងលេខមួយ។
ក្រឡេកមើល Stellantis Group ដែលជាម្ចាស់ម៉ាក Ram, Dodge និង Chrysler ជាដើមអាចលក់រថយន្តបានជិត ៣៨,៦ម៉ឺនគ្រឿង នៅត្រីមាសទីបី ថយចុះ ៦% ខណៈដែល Honda ថយចុះការលក់ជិត ៣៦% និង Ford លក់បានតិចជាងមុន ៨,៩%៕