[ទីផ្សារបរទេស] រថយន្ត Leapmotor C01 ទើបបានប្រកាសចេញជាផ្លូវការនៅប្រទេសចិន ជារថយន្តអគ្គិសនីដែលមានរចនាបថទាក់ទាញ ហើយមានតម្លៃធូរថ្លៃ ដែលវានឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Tesla។
រថយន្ត C01 មានដាក់លក់ក្នុងតម្លៃត្រឹមប្រមាណ ២៧ ០០០ដុល្លារ លើទីផ្សារប្រទេសចិន ប៉ុន្តែវាមានសមត្ថភាពស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលមិនដល់ ៤វិនាទី ហើយម៉ូទ័រអគ្គិសនីរបស់វាអាចផលិតកម្លាំងបានដល់ ៥៤២សេះ។
ដោយឡែក ទាក់ទងនឹងរយៈចម្ងាយបើកបរវិញ អាគុយចំណុះ ៩០kWh របស់វា អាចទ្រាំទ្រនឹងការបើកបរបានចម្ងាយដល់ ៧១៦គីឡូម៉ែត្រ ហើយមានចែកចេញជាប្រាំប្រភេទ ដោយប្រភេទទាបជាងគេអាចបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ ហើយរថយន្តនេះត្រូវបានក្រុមហ៊ុនអះអាងថាអាចបើកបរបានរហូតដល់ចម្ងាយជាង ១លានគីឡូម៉ែត្រ។
មិនតែប៉ុណ្ណោះវាក៏មានបច្ចេកវិទ្យាទំនើបៗ ដោយប្រើប្រាស់បន្ទះឈីប Qualcomm 8155 ដែលផ្ដល់កម្លាំងដល់អេក្រង់បង្ហាញចំនួនបីក្នុងរថយន្ត។ វាក៏មានបច្ចេកវិទ្យាដោះសោតាមរយៈផ្ទៃមុខ, មុខងារកៅអីកម្ដៅ, កៅអីមានមុខងារម៉ាស្សា និងចំណុចពិសេសៗច្រើនទៀត៕