[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ អ្នកចែកចាយរថយន្ត Nissan នៅក្នុងប្រទេសវៀតណាម បានធ្វើការប្រកាសថា រថយន្ត Nissan Terra មុខមាត់ថ្មី ត្រូវបានគេរំពឹងថានឹងត្រលប់មកប្រទេសវិញក្នុងខែសីហា ដល់ ខែកញ្ញា ក្នុងឆ្នាំនេះ។
ម៉ូដែលថ្មីរបស់ប្រទេសវៀតណាមគឺជាជំនាន់ចុងក្រោយបំផុតដែលមានការធ្វើឲ្យប្រសើរឡើងនៅការរចនាផ្នែកខាងក្រៅ និងខាងក្នុង។ ទន្ទឹមនឹងនេះ អ្នកចែកចាយនឹងចាប់ផ្តើមទទួលការកក់នៅដើមខែមិថុនាដល់ខែកក្កដា មុនពេលរថយន្តត្រឡប់មកកាន់ទីផ្សារវិញ ១ ឬ ២ ខែក្រោយ។ បច្ចុប្បន្នមិនមានព័ត៌មានអំពីតម្លៃ និងម៉ូដែល និងគ្រឿងបរិក្ខានោះទេ។
គួរបញ្ជាក់ផងដែរ រថយន្ត Nissan Terra បានឈប់លក់រថយន្តចាប់ពីពាក់កណ្តាលឆ្នាំ ២០២០ រហូតមកដល់ពេលនេះ ដោយសារកង្វះការផ្គត់ផ្គង់ មិនបំពេញតាមស្តង់ដារការបំភាយឧស្ម័ន។ ជាមួយគ្នានេះ រថយន្តប្រភេទ SUV ត្រឡប់មកវិញនេះ នឹងត្រូវលក់ដោយអ្នកចែកចាយថ្មីផងដែរ។
សម្រាប់ការផ្លាស់ប្តូរជាមូលដ្ឋាននៅផ្នែកខាងក្រៅនៃរថយន្ត Nissan Terra ថ្មីគឺ ប៉ាណាមុខឲ្យឈ្មោះថា V-Motion បន្ថែមរបារផ្ដេកបន្ថែមទៀត ចង្កៀងមុខប្រភេទ LED 4-ball ស្អាត និងស្លីមជាងមុន ផ្នែកខាងក្រោយក៏មានការផ្លាស់ប្តូរបន្តិចដែរ ជាពិសេសនៅលើចង្កៀងខាងក្រោយប្រភេទ LED ពីរឆ្នូត។
រីឯ ផ្នែកខាងក្នុងនៃរថយន្ត Nissan Terra មានការរចនាដៃចង្កូត 3-spoke ថ្មីស្រដៀងនឹង Navara អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay, Android Auto ជាដើម។
ចំពោះផ្នែកម៉ាស៊ីនវិញ នៅមិនទាន់ច្បាស់ថាម៉ាស៊ីនមួយណាត្រូវបានដំឡើងនៅក្នុងកំណែវៀតណាម។ នៅឯបរទេស Terra ផ្តល់ជូនជម្រើសតែមួយគត់នៃម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៦៥ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ ប៉ុង១ ជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងកណ្តាល សម្រាប់តម្រូវការក្នុងការបើកបរលើផ្លូវលំបាក ឬ off-road ផងដែរ។
គួរថាឲ្យដឹង ពីមុនរថយន្ត Nissan Terra ត្រូវបានលក់ទាំងជម្រើសម៉ាស៊ីនប្រេង និងសាំង ជាមួយប្រអប់លេខដៃ ៦វគ្គ ឬ ៧វគ្គ អូតូ ក្នុងតម្លៃចាប់ពី ៣៦ ៩៣៩ ដុល្លារ ដល់ ៤៣ ៤៧៣ ដុល្លារ។ នៅក្នុងទីផ្សារប្រទេសវៀតណាម Terra ប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹង Toyota Fortuner, Ford Everest ឬ Mitsubishi Pajero Sport៕