[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Maxus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Maxus V70 ប្រភេទ minivan ថ្មី ដែលជាគូប្រកួតប្រជែងនឹងរថយន្ត Ford Transit Custom គ្រោងនឹងដាក់លក់នៅក្នុងប្រទេសចិននៅដើមឆ្នាំ ២០២៣។
រថយន្ត Maxus V70 មានប្រវែងតួខ្លួនសរុប ៤ ៩៩៨ ម.ម ទទឹង ២ ០៣០ ម.ម កំពស់ ២ ០៣៥ ម.ម និងប្រវែងគម្គាតកង់មុខ-ក្រោយ ៣ ០០០ ម.ម។ សម្រាប់ការរចនាមើលទៅទំនើបជាងការផ្តល់ជូនផ្សេងទៀតរបស់ Maxus ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត, ចង្កៀងមុខប្រភេទ Matrix LED គ្រឿងបន្ថែមនៅលើកាងខាងក្រោម និងចង្កៀងខាងក្រោយដែលដាក់បញ្ឈរ ដែលភ្ជាប់តាមរយៈបន្ទះ LED នៅពីលើកញ្ចក់ខាងក្រោយ។
Maxus V70 មានទ្វាររូតសម្រាប់អ្នកដំណើរខាងក្រោយ និងទ្វារក្រោយជា ២ ផ្នែក។ នៅផ្នែកខាងក្នុងមានកៅអីសម្រាប់អ្នកដំណើរ ៦ នាក់ ដល់ ៩ នាក់។ Maxus មិនបានបង្ហាញរូបភាពនៅផ្នែកខាងក្នុងទេ ប៉ុន្តែរថយន្ត Minivan អាចត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ដែលមានដូចជាថេប្លេត សោប៊្លូធូស កៅអីខាងមុខ និងដៃចង្កូតដែលមានមុខងារកម្ដៅ។
រថយន្ត Maxus V70 ផលិតនៅលើគ្រោងឆ្អឹងថ្មីរបស់ SAIC និងបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ១២៥ សេះ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ ដែលអនុញ្ញាតឱ្យមានល្បឿនអតិបរមា ១៥៦ គីឡូម៉ែត្រក្នុងមួយម៉ោង៕