រថយន្ត Tank 500 ឆ្នាំ២០២២ ត្រូវបានបង្ហាញខ្លួនលើកដំបូងជារថយន្តគំរូនៅក្នុងកម្មវិធីតាំងបង្ហាញ Chengdu ឆ្នាំ២០២១ និងបានបង្ហាញចេញជាគំនូរព្រៀងកាលមួយខែកន្លងទៅ។ នាពេលនេះផងដែរក្រុមហ៊ុន Great Wall Motors បានបង្ហាញចេញនូវរថយន្ត SUV ខ្នាតកណ្តាលដែលជាគូរប្រជែងរថយន្ត Land Cruiser Prado ជាផ្លូវការផងដែរ ដោយតម្លៃចាប់ពី ៤៦ ០០០ដុល្លារ។
រថយន្ត SUV នេះមានប្រវែងសរុប ៥ ០៧០mm ទទឹង ១ ៩៣៤mm កម្ពស់ ១ ៩០៥mm ប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៨៥០mm កម្ពស់បាត ២២៤mm និងសម្ថភាពចុះទឹក ៨០០mm បន្ថែមជាមួយការបំពាក់ដោយបូមរ៉ឺស័រផងដែរ។
និយាយអំពីការរចនា រថយន្ត Tank 500 ត្រូវបានរចនាយ៉ាងទាន់សម័យ និងភាពទំនើប ជាមួយប៉ាណាខាងមុខមួយផ្ទាំងធំ អមដោយក្រូម និងឡូហ្គូសម្គាល់, អេក្រង់កម្សាន្តទំហំ ១៤,៦អ៊ីញ, កុងទ័របង្ហាញទំហំ ១២,៣អ៊ីញ, ចង្កឹះលេខ ដែលទទួលបានគំនិតរចនាពី Volvo និងតាប្លូមានផ្កាយ ដែលទទួលបានគំនិតពីរថយន្ត Rolls-Royce។
រថយន្ត Tank 500 ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ V6 ផ្គួបជាមួយប្រព័ន្ធ Mild-hybrid ទំហំ ៤៨V មានកម្លាំងសរុប ៣៤៩សេះ ឬផ្គួបជាមួយប្រព័ន្ធ Hybrid មានកម្លាំង ៥១០សេះ ភ្ជាប់ដោយប្រអប់លេខ ៩វគ្គអូតូ។ បន្ថែមពីនេះ វាក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ និង ២,៤លីត្រផងដែរ៕