
នៅថ្ងៃទី ១៥ ខែធ្នូ ក្រុមហ៊ុន BYD បានធ្វើការបង្ហើបពីរថយន្តប្រភេទ Flagship កម្រិតខ្ពស់ដែលនឹងមកដល់ចំនួន២ម៉ូឌែលរបស់ខ្លួនស្ថិតក្រោមត្រកូល Ocean series គឺ៖ រថយន្ត Seal 08 ប្រភេទ (Sedan) និងរថយន្ត Sealion 08 ប្រភេទ (SUV)។
រថយន្តទាំងពីរនេះគ្រោងនឹងសម្ពោធនៅត្រីមាសទី ១ ឆ្នាំ ២០២៦ ខាងមុខនេះ ដោយបំពាក់ដោយបច្ចេកវិទ្យា BYD ចុងក្រោយបំផុត។ នៅពេលអនាគត ក៏នឹងមានការបន្ថែមនូវម៉ូឌែលរថយន្ដ Seal 09 និង Sealion 09 ផងដែរ ដោយបង្កើតជាស៊េរី “5678” សម្រាប់ខ្សែផលិតផលទាំងពីរនេះ។
រថយន្តទាំង ២ម៉ូឌែលនេះត្រូវបានផលិតដោយផ្អែកលើរថយន្ត Ocean S concept ដែលបានដាក់បង្ហាញកាលពីដើមឆ្នាំនេះក្នុងពិព័រណ៍ Shanghai Auto Show ឆ្នាំ ២០២៥ កាលពីខែមេសា ដោយមានការរចនាភាសា Ocean Aesthetic 2.0 ជំនាន់ថ្មី។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់សម្រាប់រថយន្ត Seal 08 electric sedan របស់ខ្លួននៅប្រទេសចិនរួចហើយកាលពីដើមខែកុម្ភៈមុន។ រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៧២០ ម.ម, ទទឹង: ១៨៨០ ម.ម, កម្ពស់ ១៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២៨២០ ម.ម។
សម្រាប់កម្រិតសមត្ថភាព BYD Seal 08 ម៉ូឌែលស្ដង់ដារ ដំណើរកាដោយម៉ូទ័រអគ្គិសនី (TZ180XSR) ដែលបង្កើតឡើងដោយ BYD ផ្ទាល់ អាចផលិយកម្លាំងអតិបរមាបាន ១១០ គីឡូវ៉ាត់ ឬ ១៤៨ សេះ បំពាក់ជាមួយកញ្ចប់អាគុយ Blade battery (LFP) ទំហំ ៤៦.១ គីឡូវ៉ាត់ម៉ោងនិងអាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។
ចំណែកម៉ូដែលកំពូល ដំណើរដោយម៉ូទ័រអគ្គិសនី (TZ200XSBE) អាចផលិតកម្លាំងអតិបរមាបា ១៦០ គីឡូវ៉ាត់ ឬ ២១៥ សេះ បំពាក់ជាមួយកញ្ចប់អាគុយ Blade battery ទំហំ ៥៦.៦ គីឡូវ៉ាត់ម៉ោងនិងអាចបើកបរបានចម្ងាយ ៥៤៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។
ចំពោះរថយន្ត Sealion 08 វិញ យោងតាមប្រភពព័ត៌មានចិន 163 អ្នកដែលដឹងរឿងក្នុងឧស្សាហកម្មនេះបានចែករំលែកថា រថយន្តនេះនឹងមានប្រវែងតួខ្លួនសរុប ៥០៤០ ម.ម និងមានប្រវែងគម្លាតកង់មុខក្រោយប្រមាណ ២៩៥០ ម.ម។ រថយន្ត Sealion 08 នេះនឹងប្រើប្រាស់ការរចនាប្លង់កៅអី ៧ តាមទម្រង់ ២+៣+២។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតក្រុមហ៊ុនមិនបញ្ចេញអ្វីទេគឺរងចាំប្រកាសនៅថ្ងៃដាក់សម្ពោធជាផ្លូវការ៕





















