[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tata Motors នៅក្នុងប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី Avinya ដែលត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្ម GEN3 ដែលផ្នែកមួយជាមួយ Tata Passenger Electric Mobility (TPEML) ។
ដោយមានការយកលំនាំតាមរថយន្ត Catamaran រថយន្ត TATA Avinya គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃរថយន្ត SUV និង MPV ដោយសង្កត់ធ្ងន់លើភាសារចនាថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តឥណ្ឌា TATA ពី Curvv។
សម្រាប់ការរចនានៅរូបរាងខាងក្រៅ គំរូរថយន្តអគ្គិសនី TATA Avinya មានបំពាក់ជាមួយប៉ាណាខាងមុខ ប្រភេទបិទជិត ចង្កៀងមុខប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង នៅចំកណ្តាលមានឡូហ្គោ TATA ជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED កញ្ចក់ទ្វារឌីជីថល, ដំបូល blacked-out roof រចនាបែបបញ្ឈរ, ថាសកង់ស្ព័រទំហំធំ, ចង្កៀងក្រោយ LED និងកាង spoiler ខាងក្រោយពណ៌ខ្មៅជាដើម។
រីឯនៅផ្នែកខាងក្នុងវិញ គំរូរថយន្តអគ្គិសនី TATA Avinya សង្កត់ធ្ងន់លើការរចនាបែបទំនើបដែលរួមបញ្ចូលគ្នារវាងនិងពណ៌ត្នោតពីរពណ៌ ដោយមានដៃចង្កូតប្រភេទ 2-spoke, កុងសូលខាងមុខរចនាបែបបញ្ឈរ និងដំបូលបើកបែប Panoramic sunroof ជាដើម។
ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Tata Avinya នៅតែជាគំរូដោយត្រូវបានគេរំពឹងថានឹងអាចបើកបរបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងមានមកជាមួយមុខងារសាកថ្មល្បឿនលឿន ដោយសាកថ្មត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ហើយអាចដាក់បញ្ជាទិញនៅឆ្នាំ ២០២៥៕