គំរូរថយន្តអគ្គិសនី Toyota bZ Compact SUV Concept ​បង្ហាញខ្លួនជាលើកដំបូងនៅអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញគំរូរថយន្តអគ្គិសនី Toyota bZ Compact SUV concept ជាលើកដំបូងនៅអឺរ៉ុបនៅទីក្រុង Brussels ប្រទេសបែលហ្សិកបន្ទាប់ពីបង្ហាញខ្លួនលើកដំបូងនៅ Los Angeles សហរដ្ឋអាមេរិកកាលពីខែមុន។

bZ Compact SUV មានប្រវែងតួខ្លួនសរុប ៤ ៥៣៨ ម.ម ទទឹង ១ ៨៨៨ ម.ម និងកម្ពស់ ១ ៥៦០ ម.ម។ នេះមានន័យថារថយន្តនេះមានប្រវែងខ្លីជាង និងតូចជាងរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ។ តែបើប្រៀបធៀបទៅនឹងរថយន្តដែលប្រើដោយថាមពលចំហេះក្នុង រថយន្ត bZ Compact SUV មានប្រវែងវែងជាង Corolla Cross ៧៨ ម.ម និងខ្លីជាង RAV4 ៦២ ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ត្រូវបានឌីស្សាញនៅមជ្ឈមណ្ឌល Toyota ED2 Center នៅភាគខាងត្បូងប្រទេសបារាំង ដែលមានភាពស្រដៀងគ្នាជាមួយនឹងរថយន្ត Hybrid C-HR Prologue ។ បើប្រៀបធៀបទៅនឹងម៉ូដែលក្រោយ bZ Compact SUV មានប្រវែងវែងជាង និងរូបរាងកាន់តែទាក់ទាញជាងមុន។ ចំណុចលេចធ្លោរួមមាន ថាសកង់ស្ព័រទំហំ ២១ អ៊ីញ ចង្កៀងមុខ-ក្រោយជាប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងកញ្ចក់ខាងក្រោយរចនាប័ទ្ម coupe ។

រីឯនៅផ្នែកខាងក្នុង bZ Compact SUV Concept ត្រូវបានឌីស្សាញឡើងដូចជារថយន្តនាពេលអនាគត មានបំពាក់ជាមួយជម្រើសដៃ​ចង្កូត​ប្រភេទ Yoke Steeling Wheel ដូចរថយន្ត Lexus RZ, កុងទ័របង្ហាញព័ត៌មាននៅជាប់នឹងផ្លៃតាឡូ និងអេក្រង់កំសាន្តស្ថិតនៅចំកណ្តាលនៃកាប៊ីន។ បន្ថែមពីនេះ ក៏មានប្រព័ន្ធជំនួយការ AI ឈ្មោះ Yui ហើយអ្នកបើកបរអាចប្រើការបញ្ជាដោយសំឡេង ហើយប្រព័ន្ធឆ្លើយតបមកវិញសំឡេង និងភ្លើងដែលអាចផ្លាស់ទីជុំវិញកាប៊ីនទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota នៅមិនទាន់​បាន​បង្ហាញ​ព័ត៌មាន​ណា​មួយ​អំពី​តួគ្រោងឆ្អឹង សមត្ថភាពអាគុយ ឬ​ថាមពលម៉ាស៊ីន និង​​ម៉ូទ័រ​អគ្គិសនី​នោះ​ទេ៕

Toyota bZ Compact SUV concept ដែលត្រូវបានពាក្យចចាមអារ៉ាមថានឹងយកឈ្មោះ bZ3X នឹងក្លាយជាម៉ូដែល bZ ថ្មីមួយក្នុងចំណោម ៦ ម៉ូដែល bZ ដែល Toyota និយាយថាវានឹងចេញលក់នៅអឺរ៉ុបនៅឆ្នាំ ២០២៦ ។ នឹងត្រូវបានដាក់នៅក្នុងផ្នែក C-SUV របស់អឺរ៉ុប ដោយដាក់នៅខាងក្រោម bZ4X ដែលមានរួចហើយ។ គោលដៅរបស់ Toyota គឺដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅក្នុងទ្វីបអឺរ៉ុបនៅឆ្នាំ ២០៤០ និងនៅលើសកលនៅឆ្នាំ ២០៥០ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម