គំរូរថយន្ត Toyota C-HR Prologue ប្រើម៉ាស៊ីន​ Hybrid នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញគំរូរថយន្ត C-HR Prologue concept ដែលជាការបង្ហាញដំបូងនៃរថយន្ត Toyota C-HR ជំនាន់ទី ២ ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ជារថយន្ត SUV ខ្នាតតូចជាមួយរចនាបថបែបអនាគត ហើយនឹងមានមកជាមួយនឹងប្រព័ន្ធកូនកាត់ Hybrid និង Plug-in hybrid ។

រថយន្ត Toyota C-HR ជំនាន់ដំបូង ត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០១៦ និងទទួលបានការកែមុខមាត់ថ្មីនៅឆ្នាំ ២០១៩ ដោយបានបង្ហាញនៅភាពពេញនិយមយ៉ាងខ្លាំងសម្រាប់អតិថិជននៅអឺរ៉ុប ជាមូលហេតុ Toyota សម្រេចចិត្តរចនាដូចគ្នាជាមួយនឹងម៉ូដែលដើមរបស់ខ្លួនទាក់ទងនឹងការរចនាផ្នែកខាងក្រៅ ។ ក្នុងនោះ C-HR Prologue ត្រូវបានឌីស្សាញដោយស្ទូឌីយ៉ូ ED2 របស់ Toyota នៅប្រទេសបារាំង ដូចទៅនឹងជំនាន់មុនរបស់វាដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅ មានប៉ាណាត្រូវបានរចនាឲ្យឈ្មោះថា “hammerhead” អបជាមួយនឹងចង្កៀងមុខប្រភេទ full-LED ដែលស្រដៀងទៅនឹងរថយន្តអគ្គិសនី និង hybrid ផ្សេងទៀតដែលជាភាសារចនាថ្មីរបស់ក្រុមហ៊ុន Toyota ។ កាងខាងមុខមានរន្ធបឺតខ្យល់ទំហំធំ ដែលជាជំនួយនៃប្រព័ន្ធ aerodynamics។ ថាសកង់ទំហំធំ និងកញ្ចក់ខាងក្រោយរាងកោង ធ្វើឲ្យរថយន្តនេះមើលទៅមានលក្ខណៈកាន់តែស្ព័រ និងបានដាក់កាំមេរ៉ាជំនួសកញ្ចក់ចំហៀងផងដែរ។

ទន្ទឹមនឹងនេះ Toyota មិន​បាន​បង្ហាញ​រូបភាព ឬ​ការ​បង្ហាញ​ផ្នែក​ខាង​ក្នុង​ទេ ប៉ុន្តែ​បាន​អះអាង​ថា រថយន្ត SUV នេះ​មាន​ទំហំ​ធំ​ទូលាយជាង​មុន នឹងមានបច្ចេកវិទ្យាកាន់តែច្រើនជាមួយនឹងអេក្រង់ធំសម្រាប់កាប៊ីនបែបឌីជីថល ។

សម្រាប់គំរូ C-HR ថ្មីនឹងមាននៅក្នុងទម្រង់កូនកាត់ Hybrid និង plug-in hybrid ដែលមានន័យថា វានឹងក្លាយជាម៉ូដែលទី ៣ ដែលបានផ្តល់ប្រព័ន្ធនេះរបស់ក្រុមហ៊ុន Toyota នៅអឺរ៉ុបបន្ទាប់ពី RAV4 និង Prius ហើយត្រូវបានរំពឹងថារថយន្តនេះ នឹងផ្អែកលើស្ថាបត្យកម្ម TNGA-C architecture ។ ជាមួយគ្នានេះ គេនៅមិនច្បាស់ទេថា Toyota នឹងផលិតរថយន្ត C-HR អគ្គិសនីសុទ្ធដូចរថយន្តដែលផលិតនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះឬអត់ទេ។

គួរឲ្យដឹងថា ការផលិតរថយន្ត Toyota C-HR ថ្មីនឹងធ្វើឡើងនៅក្នុងប្រទេសទួរគី ដូចទៅនឹងជំនាន់បច្ចុប្បន្នដែរ ហើយអាគុយនឹងត្រូវបានផលិតនៅក្នុងរោងចក្រដែលមិនទាន់មានឈ្មោះនៅអឺរ៉ុប។ ម៉ូដែលនេះនឹងនៅតែស្ថិតក្នុងផ្នែក C-SUV ដោយដាក់ចន្លោះរវាង Yaris Cross និង Corolla Cross នៅក្នុងត្រកូល SUV របស់ Toyota ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម