គំរូឡានអគ្គិសនីសុទ្ធ Mercedes Vision One-Eleven អនាគតនៃរថយន្ត Supercar ដ៏ប្រណិត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes ​បានធ្វើការ​ដាក់​បង្ហាញ​ចេញនៅ​គំរូ​រថយន្ត​អគ្គិសនី Vision One-Eleven ដែលបានទទួលយកការរចនាត្រូវបានបំផុសគំនិតដោយគំរូ C111 concept ដែលត្រូវបានបង្ហាញដោយក្រុមហ៊ុន Mercedes កាលពីជាង ៥០ ឆ្នាំមុន។

គំរូ​រថយន្ត​អគ្គិសនី Vision One-Eleven មានការរចនាបែបស្លីមដែលឲ្យឈ្មោះថា One-Bow Design ដែលជាការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធលំហូរខ្យល់ aerodynamic ដែលជាកត្តាសំខាន់មួយសម្រាប់រថយន្តស្ព័រអគ្គិសនី ដោយរថយន្តនេះមានកម្ពស់ ១ ១៦០ មមប៉ុណ្ណោះ ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តនេះរចនាឡើងជាទ្វារ ២ បើកឡើងជាទម្រង់ស្លាបបក្សី ចង្កៀងខាងមុខ / ខាងក្រោយមានលក្ខណៈអនាគត និងប្រើប្រាស់ថាសកង់ទំហំធំដែលជាបចេ្ចកវិទ្យាដ៏ច្នៃប្រឌិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងរបស់ Vision One-Eleven គ្រឿងបរិក្ខាត្រូវបានផលិតចេញពីវត្ថុធាតុដើមកែច្នៃ ដូចជាសំបកគ្រាប់កាហ្វេជាដើម និងបានតុបតែងជាមួយពណ៌ស និងពណ៌ទឹកក្រូចមើលទៅស៊ីគ្នាជាមួយនឹងផ្នែកខាងក្រៅ កុងទ័របង្ហាញអំពីព័ត៌មានបើកបររចនាលាតសន្ធឹងលើផ្ទៃតាប្លូទាំងមូល ដៃចង្កូតត្រូវបានបំផុសគំនិតដោយដៃចង្កូតរបស់រថយន្តប្រណាំង F1 ជាប់គ្នាទៅនឹងអេក្រង់កំសាន្ត។

Mercedes និយាយថា កញ្ចប់ថ្មនៅលើគំរូរថយន្តត្រូវបានអភិវឌ្ឍន៍ដោយក្រុម F1 Mercedes ។ រថយន្តនេះត្រូវបានបំពាក់ដោយម៉ូទ័រអេគ្គិសនីចំនួន ២ របស់ Yasa Brand ដោយ Mercedes និយាយថា អត្ថប្រយោជន៍នៃម៉ាស៊ីនប្រភេទនេះ​ គឺស្រាលជាង និងមានកម្លាំងខ្លាំងជាងម៉ូទ័រអគ្គិសនីដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរដា ក្រុមហ៊ុន Mercedes បាននិយាយថា គំរូរថយន្តអគ្គិសនី Vision One-Eleven គ្រាន់តែជាគំរូប៉ុណ្ណោះ ខនះព័ត៌មានលម្អិតនៃម៉ូដែលនេះក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេ។ លើសពីនេះ Vision One-Eleven នៅតែជាគំរូដែលរួមចំណែកយ៉ាងច្រើនដល់ផលិតកម្មរថយន្តអគ្គិសនីសុទ្ធរបស់យីហោអាល្លឺម៉ង់នាពេលអនាគត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម