[ទីផ្សារបរទេស] អ្នកគ្រប់គ្នាអាចបានដឹងហើយថារថយន្ត Bugatti មួយគ្រឿងៗមានតម្លៃថ្លៃកម្រិតណា ហើយកាន់តែភ្ញាក់ផ្អើលពេលដែលបានឃើញតម្លៃតួខាងមុខនៃរថយន្ត Chiron មួយបន្ទះ ដែលមានដាក់លក់តម្លៃរហូតដល់ ៣៩៩ ៩៩៩ដុល្លារ។
តួខាងមុខនេះគឺសម្រាប់រថយន្ត Chiron Super Sport 300+ ដោយវាគឺជាគ្រឿងបន្លាស់ដែលផលិតចេញរោងចក្រផ្ទាល់តែម្ដង។ តួខាងមុខនេះដែរ ផលិតឡើងពីសរសៃកាបូន និងមិនទាន់បានលាបទឹកថ្នាំនៅឡើយ ដើម្បីងាយស្រួលឲ្យអ្នកទិញដាក់ពណ៌ឲ្យត្រូវនឹងរថយន្តរបស់ខ្លួន។
គួរដឹងថា Chiron Super Sport 300+ មួយគ្រឿង មានតម្លៃប្រមាណ ៣,៩លានដុល្លារ ហេតុនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលខ្លាំងឡើយដែលគ្រឿងបន្លាស់របស់វាមានតម្លៃថ្លៃបែបនេះ។
លើវិបសាយដែរដាក់លក់គ្រឿងបន្លាស់នេះគេក៏ឃើញមានគ្រឿងបន្លាស់ផ្សេងៗទៀតសម្រាប់រថយន្ត Chiron មានដូចជាគម្របរថយន្តខាងមុខលក់តម្លៃ ៥ម៉ឺនដុល្លារ, កាងខាងមុខមានតម្លៃ ៧,៩ម៉ឺនដុល្លារ ខណៈដែលផ្ទាំងប៉ាណាមុខមានតម្លៃ ១,៥ម៉ឺនដុល្លារជាដើម៕