រថយន្ត Aston Martin DBX ដែលជារថយន្ត SUV ដំបូងរបស់ក្រុមហ៊ុន នាពេលនេះបានក្លាយជារថយន្តល្បីជាងគេរបស់ក្រុមហ៊ុន ដោយចំនួនលក់របស់វាគឺមានចំណែកជាង ៥០% នៃចំនួនលក់សរុបរបស់ Aston Martin ទាំងមូលតែម្ដង។
ចាប់តាំងពីខែមករា Aston Martin លក់ចេញរថយន្តបានសរុប ៤ ២៥០គ្រឿង ដែលក្នុងនោះមាន ២ ១៨៦គ្រឿងគឺជារថយន្តម៉ូដែល DBX។ វាជាដំណឹងដ៏អស្ចារ្យមួយ ស្របពេលដែលរថយន្ត DBX ត្រូវបានសម្រេចថានឹងបន្ថែមជម្រើសច្រើនប្រភេទទៀត ដើម្បីផ្ដល់ជម្រើសកាន់តែសម្បូរបែបជូនដល់អតិថិជន និងដើម្បីពង្រឹងចំនួនលក់ផងដែរ។
Aston Martin ប៉ាន់ស្មានថាខ្លួននឹងអាចលក់រថយន្តបានប្រមាណ ៦ពាន់គ្រឿងនៅមុនបំណាច់ឆ្នាំនេះ។ គួរដឹងថានៅឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងជិត៣ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលប្រាក់ចំណូលបច្ចុប្បន្នគឺមានជិត ១ពាន់លានដុល្លារ។
ត្រឹមឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្រុមហ៊ុននេះរំពឹងថានឹងឃើញចំនួនលក់ប្រចាំឆ្នាំប្រមាណ ១ម៉ឺនគ្រឿង ដែលមានន័យថាប្រាក់ចំណូលរបស់ក្រុមហ៊ុនអាចនឹងមានប្រមាណ ២,៧ពាន់លានដុល្លារ និងប្រាក់ចំណេញប្រមាណជាង ៦៧៨លានដុល្លារផងដែរ៕