[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានធ្វើការប្រកាសអំពីគម្រោងថ្មី សម្រាប់ពិពណ៌រថយន្ត Tokyo Auto Salon ២០២២ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនកែច្នៃរថយន្តជប៉ុន Jaos។ Lexus LX 600 “Offroas” Jaos គឺជារថយន្តប្រភេទ SUV ខ្នាតធំដែលបំពាក់មកជាមួយគ្រឿងលម្អមួយចំនួនផលិតឡើងពីជ័រកាបោន(Carbon) សម្រាប់បន្ថែមនូវសម្រស់ ក៏ដូចជាការកែប្រែលើផ្នែកផ្សេងទៀត ដែលធ្វើអោយប្រសើរឡើងនូវអត្ថសញ្ញាណនៃសម្ថភាព Off road របស់រថយន្ត SUV នេះ។
ចាប់ផ្តើមជាមួយ Bodykit ដែលបានបំពាក់មក វារួមមាន កាងធ្លាក់ផ្នែកខាងមុខ និងផ្នែកខាងក្រោយ និងគម្របភក់ផលិតឡើងពី CFRP ដែលមានទម្ងន់ស្រាល បន្ថែមជាមួយរបាំងភក់, ឧបករណ៍ការពារដៃទ្វា, ប៉ាណាខាងមុខពណ៌ខ្មៅ, ស្ទីកគ័រឡូហ្គូនៅលើទ្វាខាងមុខ និងបង្អួចជុំវិញ ប្រើប្រាស់ជាមួយកញ្ចក់បែបឯកជន។
លើសពីនេះ រថយន្តនេះក៏បានបំពាក់មកជាមួយថាសកង់ Enkei Forged ទំហំ ២០អ៊ីញ ១០ប្រឡោះ ដែលត្រូវបានហៅថា Jaos Tribe Cross ពណ៌លឿង ព្រមជាមួយសំបកកង់ថ្មី 285/55R20 Toyo Open Country A/T សម្រាប់ជួយអោយការបើកបរកាន់តែប្រសើរឡើង។
សម្រាប់ថាមពលកម្លាំងរថយន្តនេះ នៅតែរក្សាបានជាមួយការបំពាក់មកជាមួយម៉ាស៊ីន ៣,៥លីត្រ Twin-turbocharged ផលិតកម្លាំងបាន ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ទាំង ៤ តាមរយៈប្រអប់លេខ ១០វគ្គអូតូ។ រីឯប្រព័ន្ធ Multi-Terrain Select, Adaptive Variable Suspension និងលក្ខណៈពិសេសផ្សេងទៀត ដែលជួយអោយការបើកបរកាន់តែប្រសើរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនបានប្រកាសពីតម្លៃ សម្រាប់គ្រឿងបន្ថែម Jaos Kit នេះនៅឡើយនោះទេ ប៉ុន្តែបានសន្យាថានឹងផ្តល់ជូននូវ “ផលិតផលចម្រុះដើម្បីបំពេញតម្រូវការ និងរបៀបរស់នៅរបស់អតិថិជនដែលមានលក្ខណៈចម្រុះ” ដែល អាចស្វែងរកបាននៅផ្នែកបន្ទាប់បន្សំបន្ថែមទៀតនាពេលអនាគត។
គួររំលឹកផងដែរ Lexus បានផ្តល់ជូននូវជម្រើសម៉ូឌែល LX 600 ប្រភេទ Off-raod រួចហើយ នៅលើទីផ្សារប្រទេសជប៉ុន ដែលភ្ជាប់មកជាមួយថាសកង់ទំហំ ១៨អ៊ីញ, ប្រព័ន្ធចាក់សោប៉ុង ៣ទីតាំង បូករួមទាំងពណ៌តួរខ្លួនពណ៌ខ្មៅ និងពណ៌ប្រផេះ៕