GV80 គឺជារថយន្ត SUV ដំបូងរបស់ម៉ាករថយន្តប្រណីតរបស់កូរ៉េខាងត្បូង Genesis ហើយពេលនេះតម្លៃលក់របស់វានៅអាមេរិកចាប់ផ្ដើមលេចចេញ មុនការចេញលក់ជាផ្លូវការនៅអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២០ នេះ។
តម្លៃរបស់ GV80 គឺមានចាប់ពី ៤៨ ៩០០ ដុល្លារ ដែលតម្លៃនេះគឺធូរថ្លៃជាងរថយន្តដែលជាគូប្រជែង មានដូចជា BMW X5 ធូរថ្លៃជាងដល់ទៅ ១ ម៉ឺនដុល្លារ និងធូរជាង Mercedes-Benz GLE-Class រាប់ពាន់ដុល្លារផងដែរ។
ទោះបីជាធូរថ្លៃជាងមែន ប៉ុន្តែប្រភេទ Base Option នៃរថយន្ត GV80 មានបំពាក់គ្រឿងបរិក្ខារទំនើបៗជាច្រើន ដូចជាមានដំបូលកញ្ចក់ថ្លា, មានកៅអីកម្ដៅ, មានអេក្រង់កម្សាន្តទំហំ ១៤,៥ អ៊ីញ, មានកៅអីស្រោបដោយស្បែកដេរដោយថ្នេរអំបោះ, មានអំពូលភ្លើង LED សុទ្ធ, មានពោងសុវត្ថិភាព ១០ និងមុខងារសុវត្ថិភាពពិសេសៗជាច្រើនទៀត។
រថយន្ត GV80 ប្រភេទ Base គឺមានប្រើប្រាស់ម៉ាស៊ីន ២,៥ លីត្រ ប្រើប្រាស់ប្រព័ន្ធបើកបរ RWD។ វាក៏មានផងដែរនូវជម្រើសម៉ាស៊ីនធំ ៦ ស៊ីឡាំង ចំណុះ ៣,៥ លីត្រ ប្រើប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ និងប្រព័ន្ធបើកបរ AWD៕