ឃើញទីផ្សារនៃការលក់ឡាន EV ក្នុងតំបន់អឺរ៉ុបធ្លាក់ចុះខ្លាំង! CATL សម្រេចលក់ភាគហ៊ុនដែលខ្លួនបានទិញចោលទាំងអស់

បន្ទាប់ពីឃើញទីផ្សារនៃការលក់រថយន្តអគ្គិសនីនៅក្នុងតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងការធ្លាក់ចុះខ្លាំង ពេលនេះ ក្រុមហ៊ុនផលិតអាគុយដ៏ធំរបស់ចិន Contemporary Amperex Technology (CATL) បានសម្រេចលក់ភាគហ៊ុនចំនួន ២០,៦% របស់ខ្លួននៅក្នុងក្រុមហ៊ុនផលិតរថយន្តហ្វាំងឡង់ Valmet Automotive ទៅឱ្យរដ្ឋាភិបាលហ្វាំងឡង់ និងម្ចាស់ភាគហ៊ុនផ្សេងៗហើយ។

គួរបញ្ជាក់ឲដឹងថា កាលពីឆ្នាំ ២០១៧ កន្លងទៅ ក្រុមហ៊ុន CATL គឺធ្លាប់បានទិញភាគហ៊ុនចំនួន ២០,៦% នៅក្នុងក្រុមហ៊ុន Valmet Automotive ដើម្បីពង្រឹងទីផ្សាររបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ បន្ទាប់ពីមានការផ្លាស់ប្តូរ ឬទិញនេះ រដ្ឋាភិបាលហ្វាំងឡង់ផ្ទាល់ក៏នឹងវិនិយោគ ឬបញ្ចូលដើមទុនថ្មីរបស់ខ្លួនចំនួន ៤០,៩៦ លានដុល្លារ បន្ថែមផងដែរ ពោលគឺកាន់កាប់ភាគហ៊ុនសរុបចំនួន ៧៩% នៅក្នុងក្រុមហ៊ុន Valmet Automotive ខណៈក្រុមហ៊ុនវិនិយោគឯកជន Pontos នឹងកាន់កាប់ភាគហ៊ុនចំនួន ២១% ។

ជាមួយគ្នានេះ សម្រាប់ក្រុមហ៊ុន Ioncor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតអាគុយរបស់ក្រុមហ៊ុន Valmet Automotive ទៀតសោត ក៏នឹងធ្វើការផ្លាស់ប្តូរថ្មីផងដែរ ពោលគឺរដ្ឋាភិបាលហ្វាំងឡង់នឹងកាន់កាប់ភាគហ៊ុនសរុបចំនួន ៧០% តាមរយៈក្រុមហ៊ុន Finnish Minerals Group ។

គួរបញ្ជាក់ថា សម្រាប់ប្រវត្តិរបស់ក្រុមហ៊ុន Valmet Automotive ក៏ធ្លាប់បានផលិតរថយន្តឲ្យក្រុមហ៊ុន Porsche, Saab និង Mercedes-Benz ផងដែរ ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ គឺកំពុងពង្រីកខ្លួនទៅក្នុងវិស័យការពារជាតិសម្រាប់ផលិតយានយន្ត និងគ្រឿងចក្រធុនធ្ងន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម