នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២២កន្លងទៅនេះ Reuters Detroit បានបង្ហាញរូបភាពនៃឯកសារប៉ាតង់ថាក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ដែលគេរំពឹងថាក្រុមហ៊ុននេះត្រៀមឈានជើងចូលទៅកាន់ទីផ្សាររថយន្តភីកអាប់អគ្គិសនី។
សម្រាប់ Vinfast ដែលជាម៉ាកយីហោរថយន្តរបស់វៀតណាម ដោយនាពេលឥឡូវនេះពួកគេកំពុងឈានជើងចូលទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបជាមួយនឹងការដាក់បង្ហាញរថយន្តប្រភេទ SUV អគ្គិសនី ហើយនឹងពង្រីកទៅកាន់ប្រភេទរថយន្តផ្សេងទៀតនាពេលអនាគត។
លោក Craig Westbrook ប្រធានផ្នែកសេវាកម្មរបស់ Vinfast នៅសហរដ្ឋអាមេរិកបាននិយាយនៅក្នុងព្រឹត្តិការណ៍Automotive Press Association នៅទីក្រុង Detroit ថា “យើងចង់បំពេញតម្រូវការទីផ្សារ ចំពោះរថយន្តភីកអាប់អគ្គិសនី Vinfast កំពុងពិចារណាពីលទ្ធភាពផលិត”។
ទីផ្សាររថយន្តភីកអាប់អគ្គិសនីហាក់មានការរីកចម្រើនយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក ប៉ុន្តែក៏មានក្រុមហ៊ុនធំៗដូចជា Ford, GM, Tesla, Rivian ដែលពួកគេទាំងអស់បានបង្ហាញចេញរថយន្តភីកអាប់អគ្គិសនី និងកំពុងធ្វើការលើការផលិត។
Vinfast បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅវៀតណាមកាលពីចុងឆ្នាំមុន ហើយមានបំណងផលិតអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០២៣។ ក្នុងនោះ Vinfast គ្រោងនឹងបង្កើតរោងចក្រនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតរថយន្ត ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Vinfast ទទួលបានការកក់រថយន្ត SUV អគ្គិសនីជាង ៨ ០០០គ្រឿងនៅសហរដ្ឋអាមេរិក។ ហើយត្រូវបានគេរំពឹងថានឹងមានការលក់ជាសកលពី ៤០ ០០០ ទៅ ៥០ ០០០គ្រឿងនៅក្នុងប្រទេសវៀតណាម អឺរ៉ុប និងកាណាដា៕