ក្រុមហ៊ុន Land Rover បានប្រកាសថា កំណែ ឫក៏ជម្រើសអគ្គិសនីសុទ្ធរបស់រថយន្ត Defender មិនអាចបង្ហាញខ្លួននៅក្នុងពេលបច្ចុប្បន្ននេះទេ ត្រូវរង់ចាំរហូតដល់ចុងទសវត្សរ៍នេះទើបអាចនឹងបង្ហាញខ្លួនបាន ព្រោះជម្រើសអគ្គិសនីសុទ្ធត្រូវបង្កើតឡើងលើគ្រោងឆ្អឹងថ្មី ព្រោះគ្រោងឆ្អឹងបច្ចុប្បន្ន (D7x) មិនអាចដំឡើងអាគុយធំៗបាននោះទេ នេះបើយោងតាមលោក Lennard Hoornik ប្រធានផ្នែកប្រតិបត្តិការរបស់ JLR បានឱ្យដឹង។
ក្នុងនោះ លោក Hoornik បានបញ្ជាក់ថា ការបង្កើត Defender អគ្គិសនីសុទ្ធត្រូវការការរចនាថ្មីលើគ្រោងឆ្អឹងដែលអាចផ្គូផ្គងបាននឹងគ្រឿងបន្លាស់ចុងក្រោយបំផុតរបស់ពួកគេដើម្បីរក្សាសមត្ថភាពទូទៅរបស់រថយន្តដូចនឹងជម្រើសប្រើម៉ាសុីនចំហេះក្នុងដែរ។ លើសពីនេះ បើយោងតាម Hoornik បានឲដឹងថា ក្រុមហ៊ុនក៏មានគោលដៅក្នុងការចូលរួមប្រកួត World Rally-Raid Championship ក្នុងឆ្នាំ២០២៦ ផងដែរ ដើម្បីសាកល្បងបច្ចេកវិទ្យាថ្មីៗសម្រាប់ការរចនា និងផលិតរថយន្តអគ្គិសនីនាពេលអនាគត។
គួរឲដឹងថា បច្ចុប្បន្ន JLR បាន និងកំពុងមានផែនការចេញជម្រើសថ្មីៗរបស់ Range Rover, Defender, Discovery និង Jaguar ដោយប្រើថាមពលអគ្គិសនីទាំងស្រុងផងដែរ។ ខណៈការបញ្ចេញរថយន្ត Defender អគ្គិសនីនឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយនៅក្នុងផែនការរបស់ JLR ៕