កាលពីថ្ងៃទី ១៦ ខែកុម្ភៈ និងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ យើងធ្លាប់បានសរសេរចែករំលែកអត្ថបទ ២ គឺមាន៖ នេះជាតារាងសង្ខេបបន្ថយអត្រាអាករពិសេសលើរថយន្ត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស និង នេះជារូបមន្តគណនា តម្លៃពន្ធឡាន នៅកម្ពុជា! (មានឧទាហរណ៌)។ ទោះជាយ៉ាងនេះក្តី ថ្ងៃនេះយើងសូមធ្វើការបង្ហាញរូបមន្តនៃការគណនាពន្ធរថយន្ត ដែលត្រូវបាននាំចូលមកលក់នៅកម្ពុជាម្តងទៀត ដែលមានដូចខាងក្រោម សម្រាប់ជាជំនួយដល់បងប្អូនយើង ដែលមានបំណងចង់ដឹង ថាតើ ពន្ធរថយន្តត្រូវបានគណនាយ៉ាងដូចម្ត៉េចខ្លះ ហើយនេះជាអ្វីដែលបងប្អូនយើងអាចមើលជាគោល អំពីការគណនា។ ដោយសារតែពន្ធ និងអាករលើទំនិញនាំចូល នាំចេញ ដែលត្រូវបានគណនាតាមវិធីសាស្ត្រ លើរូបមន្តរបស់ទំនិញទូរទៅ ប៉ុន្តែក៏ត្រូវឯកសារជំនួយលើតារាងបន្ថយអត្រាអាករពិសេស ដោយអនុលោមតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន។
ការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករពិសេស (បើមាន) និងអាករលើតម្លៃបន្ថែម។
ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x អត្រាអាករពិសេស
អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x ១០% (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស)
ឬ = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)
ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស) ឬ = ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅជាប់អាករពិសេស)
ប្រសិនបើបងប្អូន ចង់មើលលម្អិតអាចចុចទៅកាន់ទំព័រដើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយចុចទីនេះ!
ឧទាហរណ៍៖ យើងទិញឡានពីអាមេរិច Prius 2012 តម្លៃ $11,600 ជាថ្លៃដើម ដែលយើងអោយឈ្មោះថា តម្លៃគិតពន្ធគយ (មិនទាន់បូកថ្លៃដឹកជញ្ជូន និងសេវាកម្មផ្សេងៗរបស់ភ្នាក់ងារ) ហើយសម្រាប់ពន្ធនាំចូលគឺ ៣៥% អត្រាអករពិសេសថ្មីបន្ទាប់ពីការកែសម្រួលសម្រាប់ Hybrid ៥០% (Prius ម៉ាស៊ីន 1.8L ប្រហែល 1,798cc)។
❓ ការគណនាពន្ធ ឬយើងហៅថា ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម
ប៉ុន្តែដើម្បីបានពន្ធនីមួយៗមានរូបមន្ត៖
➡️ ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
➡️ អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x អត្រាអាករពិសេស
➡️ អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)
❓ចឹងយើងអាចធ្វើការគណនា៖
➡️ ពន្ធនាំចូល = 11,600 x 35% = 4,060
➡️ អាករពិសេស = (11,600 + 4,060) x 50% = 7,830
➡️ អាករលើតម្លៃបន្ថែម = (11,600 + 4,060 +7,830) x 10% = 2,349
✅ ប្រាក់ពន្ធ និងអាករសរុប = 4,060 + 7,830 + 2,349 = $14,239
ហេតុនេះ យើងត្រូវបង់ពន្ធសរុប = $14,239
ទាំងនេះគ្រាន់តែជាគណនាពន្ធឧទាហរណ៌តែប៉ុណ្ណោះ ដូច្នេះដើម្បីបានតម្លៃឡានចេញលក់លើទីផ្សារ គឺត្រូវមានការគណនាលើការដឹកជញ្ជូន សេវាផ្សេងៗ ប្រាក់ចំនេញរបស់ក្រុមហ៊ុននាំចូល ថ្លៃកម្មសិទ្ធបញ្ញាលើម៉ាក់សញ្ញា និងបំរែបំរួលពន្ធ (ប្រសិនបើមាន) មួយទៀត។ ប្រសិនបើ បងប្អូនមានកន្លែងណា គិតថាមិនត្រឹមត្រូវ សូមជួយណែនាំផង ព្រោះនេះគ្រាន់តែជាការសិក្សាស្រាវជ្រាវប៉ុណ្ណោះ ក្នុងករណីមានកន្លែងខុសឆ្គង ឬមានករណីប្រែប្រួលណាមួយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាអធ្យាស្រ័យ។ ***** យើងខ្ញុំសូមមិនទទួលខុសត្រូវ លើករណីណាមួយដែលបានកើតឡើងជាយថាហេតុ។