ចាប់ពីឆ្នាំ ២០២២ Mazda ឈប់លក់ Mazda6 និង CX-3 លើទីផ្សារសហរដ្ឋអាមេរិក

យោងតាមសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនជប៉ុន នៅថ្ងៃទី ២១ ខែឧសភានេះថា រថយន្ត Sedan និងប្រភេទ Crossover នឹងលែងត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកបន្ទាប់ពីឆ្នាំ ២០២១នេះ។

បច្ចុប្បន្ននេះ Mazda6 គឺស្ថិតនៅជំនាន់ទី ៣ តាំងពីឆ្នាំ ២០១២ ដែលមានអាយុកាលជិត ២ ទសវត្ស។ ហើយម៉ូឌែលដែលគួរអោយចង់ចាំបំផុតនៃ Mazda6 គឺម៉ូឌែលប្រភេទ Mazdaspeed6 ដំណើរការដោយម៉ាស៊ីនចំណុះ ២,៣លីត្រ Turbocharged មានកម្លាំង ២៧៤សេះ។ ប៉ុន្តែចំនួនលក់របស់វាគឺកំពុងធ្លាក់ចុះ ដោយនៅឆ្នាំ ២០១៨ ក្រុមហ៊ុនលក់បានតែ ជាង ៣០ ០០០គ្រឿង រីឯឆ្នាំ ២០២០ លក់បានត្រឹមចំនួន ១៦ ២០០គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក CX-3 ត្រូវបានចេញលក់ជាផ្លូវការកាលពីឆ្នាំ ២០១៥ និងទទួលបានការអភិវឌ្ឍ នៅឆ្នាំ ២០១៨ និង ២០២០។ សម្រាប់ចំនួនរបស់វាក៏បានធ្លាក់ចុះយ៉ាងខ្លាំងដូចគ្នាដែរ ដោយតួរលេខនៅឆ្នាំ ២០១៨ មានចំនួន ១៦ ៩០០គ្រឿង និងឆ្នាំ ២០២០ មានចំនួន ៨ ៣៣០គ្រឿងប៉ុណ្ណោះ។

ទោះយ៉ាងណា Mazda6 ប្រហែលជាមិនបាត់មុខលើទីផ្សារសហរដ្ឋអាមេរិកទាំងស្រុងនោះទេ ដោយអាចត្រឡប់មកវិញជាមួយការអភិវឌ្ឍថ្មីប្រសើជាងនេះ។ ហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ក៏គ្រោងនឹងបញ្ចេញនូវម៉ូឌែលថ្មី ជាមួយនឹងម៉ាស៊ីនទំហំ ៦ ស៊ីឡាំងថ្មីនាថ្ងៃខាងមុខផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម