
បន្ទាប់ពីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេលជិត ១០ ឆ្នាំ ពេលនេះ ក្រុមហ៊ុន Alef Aeronautics ដែលជាក្រុមហ៊ុនផលិតឡានហោះដំបូងគេរបស់សហរដ្ឋអាមេរិក បានប្រកាសបើកប្រតិបត្តិការសាកល្បងនូវឡានហោះ Zero Ultralight ដំបូងរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេបានចុះកិច្ចព្រមព្រៀងជាមួយអាកាសយានដ្ឋាន Hollister និង Half Moon Bay ក្នុងតំបន់ Silicon Valley ដើម្បីចាប់ផ្តើមការសាកល្បងប្រតិបត្តិការនេះ។
ក្នុងនោះ បើនិយាយពីសមត្ថភាពរបស់ឡាននេះវិញ គឺអាចបើកបរបានទាំងលើដី និងហោះ ហើយវាគឺដំណើរការដោយថាមពលអគ្គិសនី ១០០% ពោលគឺអាចបើកបរបានចម្ងាយប្រហែល ៣២២គីឡូម៉ែត្រ នៅលើដី និងហោះ ១៧៧គីឡូម៉ែត្រ។ គួរបញ្ជាក់ថា សម្រាប់ឡាននេះគឺមានតម្លៃដល់ទៅ ៣០មុឺនដុល្លារ ឯណ្ណោះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ វាគឺត្រូវបានបញ្ជាទិញទុកមុនជាង ៣ ៣០០ គ្រឿង រួចហើយ។
ក្រៅពីនេះ ក្រុមហ៊ុន Alef Aeronautics ផ្ទាល់ ក៏មានផែនការផលិតម៉ូឌែល Model Zero និង Model A ដែលជាម៉ូឌែលសម្រាប់ធ្វើពាណិជ្ជកម្ម និងមានសមត្ថភាពខ្ពស់ជាងនេះផងដែរ៕