[ទីផ្សារបរទេស] ក្រោយរយៈពេលជិតប្រាំឆ្នាំបន្ទាប់ពីការបង្ហាញចេញរថយន្ត Mercedes-AMG Project One Concept នាពេលនេះគេបានឃើញរថយន្ត Mercedes-AMG One នៅក្នុងទ្រង់ទ្រាយសម្រេច សម្រាប់ផលិតលក់លើទីផ្សារហើយ។
រូបរាងសម្រេចរបស់ Mercedes-AMG One គឺស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងរថយន្ត Concept កាលពីឆ្នាំ២០១៧ ហើយអ្វីដែលប្លែកនោះគឺយ៉ាន់កង់អាលុយមីញ៉ូម ប្រភេទ 10-spoke ដែលកង់ប្រភេទនេះដែរគឺឌីហ្សាញផ្ដាច់មុខសម្រាប់រថយន្តមហាកម្លាំងតែម្ដង។
Mercedes-AMG One មានប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid ដោយផ្គួបផ្សំគ្នាវាអាចផលិតកម្លាំងបានសរុប ១០៤៩សេះ ដោយក្នុងនោះមានការបំពាក់ម៉ាស៊ីនសាំង ជាមួយម៉ូទ័រអគ្គិសនីចំនួនបួនឯណោះ។ ម៉ាស៊ីន V6 ចំណុះ ១,៦លីត្រ គឺជាម៉ាស៊ីនមកពីរថយន្ត F1 របស់ Mercedes ដែលម៉ាស៊ីននេះតែមួយអាចផលិតកម្លាំងបាន ៥៦៦សេះ ចំណែកម៉ូទ័រអគ្គិសនីចំនួនបួន មានម៉ូទ័រភ្លោះផលិតកម្លាំងសរុបបាន ៣២២សេះ និងម៉ូទ័រពីរផ្សេងទៀតផលិតកម្លាំងបាន ១៦១សេះ និង ១២១សេះ។
ជាមួយមុខងារ Race Plus ដែលមានលើរថយន្តនេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ២០០គ.ម/ម៉ ក្នុងពេលត្រឹម ៧វិនាទី ដោយ AMG មិនបានបង្ហាញអំពីសន្ទុះពី ០ ដល់ ១០០គ.ម/ម៉ ឡើយ ហើយចំពោះល្បឿនអតិបរមាគឺបានកំណត់នៅត្រឹម ៣៥២គ.ម/ម៉។
Mercedes-AMG One នឹងមានផលិតត្រឹម ២៧៥គ្រឿងប៉ុណ្ណោះ ហើយរថយន្តទាំងអស់សុទ្ធតែមានម្ចាស់រួចហើយ ដោយលក់ចេញបានតម្លៃ ២,៧២លានដុល្លារ ក្នុងមួយគ្រឿងៗ។ រថយន្តនេះនឹងបង្ហាញវត្តមានជាសាធារណៈនៅចន្លោះថ្ងៃទី ២៣ ដល់ ២៦ខែមិថុនា នៅក្នុងកម្មវិធី Goodwood Festival of Speed ឆ្នាំ២០២២៕