
អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលរដ្ឋាភិបាលចិន បានជួយគាំទ្រគ្រប់សព្វបែបយ៉ាង ដើម្បីជំរុញការផលិតរថយន្តអគ្គិសនី ហើយជាលទ្ធផលឃើញថា ប្រទេសមហាយក្សមួយនេះ សម្បូរដោយការប្រើប្រាស់ EV ច្រើនជាងគេក្នុងពិភពលោក និងបាននាំចេញទៅកាន់បណ្តាប្រទេសនានា។
ជាមួយគ្នានេះ ក្រុមហ៊ុនជាច្រើនបានសម្រុកផលិត EV ហួសហេតុ លើសពីតម្រូវការទៅទៀត។ ឃើញបែបនេះ រដ្ឋាភិបាលចិន បានកែប្រែគោលនយោបាយរបស់ខ្លួន ដោយលែងយករថយន្តអគ្គិសនីជាអាទិភាពរបស់ខ្លួនទៀតហើយ ដោយផ្តោតទៅលើថាមពល និងបច្ចេកវិទ្យាថ្មីវិញ។

ក្នុងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ២០២៦-២០៣០ ចិនបានដករថយន្ត EV, PHEV និងចំហេះឥន្ធនៈ ចេញពីបញ្ជីឧស្សាហកម្មយុទ្ធសាស្រ្តរបស់ខ្លួន ប៉ុន្តែបានផ្តោតលើបច្ចេកវិទ្យា quantum, ការផលិតជីវសាស្រ្ត, ថាមពលអ៊ីដ្រូសែន និងថាមពលនុយក្លេអ៊ែ ដែលជាចលករថ្មីជំរុញកំណើនសេដ្ឋកិច្ច។
គួរកត់សម្គាល់ថា ក្រុមហ៊ុនជប៉ុន និងលោកខាងលិច ហាក់ដូចជារារែកនៅឡើយ ក្នុងការអភិវឌ្ឍរថយន្តដើរដោយថាមពលអ៊ីដ្រូសែន ពោលគឺមិនសូវឃើញមានការរីកចម្រើនអ្វីឡើយ ខុសពីចិន ដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាទាំងរថយន្ត គ្រឿងបង្គុំ និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងសន្និសីទស្តីពីថាមពលអ៊ីដ្រូសែនអន្តរជាតិ និងរថយន្តចំហេះឥន្ធនៈ ២០២៥ ដែលធ្វើឡើងនៅក្រុងសៀងហៃ កាលពីខែមិថុនាកន្លងទៅ គឺមានក្រុមហ៊ុនក្នុងស្រុក និងបរទេស ប្រមាណជិត ៣០០ ដែលបានដាក់បង្ហាញពីខ្សែចង្វាក់ផ្គត់ផ្គង់អ៊ីដ្រូសែនរបស់ខ្លួន។ ក្នុងនោះ មានក្រុមហ៊ុនចិនមួយបានបង្ហាញពីរថយន្តដឹកអ្នកដំណើរ ដើរដោយអ៊ីដ្រូសែន គឺអាចបើកដល់ ៧០០គីឡូម៉ែត្រ ហើយពេលចាក់បំពេញអ៊ីដ្រូសែនឡើងវិញ ចំណាយពេលតែ ៥នាទីប៉ុណ្ណោះ។

បន្ថែមលើសនេះ ប្រធានផ្នែកអ៊ីដ្រូសែនរបស់ Toyota ក៏ធ្លាប់បានព្រមានដែរថា ចិនអាចនឹងគ្រប់គ្រងរថយន្តចំហេះអ៊ីដ្រូសែនក្នុងពិភពលោក ដូចរថយន្តអគ្គិសនីបច្ចុប្បន្នអ៊ីចឹង ខណៈចិន ជាអ្នកនាំមុខគេលើហេដ្ឋារចនាសម្ព័ន្ធ និងការចំណាយទាបលើថាមពលអ៊ីដ្រូសែនរួចមកហើយ៕















