
ក្រសួងសន្តិសុខសាធារណ:ចិន (China Ministry of Public Security) បានព្រាងនូវច្បាប់ស្តង់ដារសុវត្ថិភាពថ្មីសម្រាប់យានយន្តដែលរួមបញ្ជូលទាំងទៅលើការបង្កើនល្បឿន និងវិធានការរក្សាសុវត្ថិភាពសម្រាប់រថយន្តអគ្គិសនីផងដែរ។ ក្នុងសេចក្តីព្រាងថ្មីនេះបានអោយឈ្មោះថា”លក្ខខណ្ឌបច្ចេកទេសសម្រាប់សុវត្ថិភាពក្នុងការប្រតិបត្តិការយានយន្ត (Technical Conditions for Motor Vehicle Operation Safety)” ដែលសេចក្តីព្រាងនេះបានលើកឡើងនូវចំណុចសុវត្តិភាពជាច្រើនទាំងទៅលើល្បឿន ការកាត់ផ្តាច់ថាមពលអគ្គិសនី ឬទៅលើសុវត្ថិភាពអាគុយផងដែរ។

ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងគឺការសេចក្តីព្រាងទៅលើការបង្កើនល្បឿនដែលបានស្នើរថា ”យានយន្តដឹកអ្នកដំណើរត្រូវតែមានការកំណត់ ចំពោះការបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវចំណាយពេលមិនតិចជាង ៥វិនាទីតាមការកំណត់លំនាំដើម (Default)។ ដោយវិធានការនេះមានគោលបំណងកាត់បន្ថយហានិភ័យដែលទាក់ទងនឹងសមត្ថភាពបង្កើនល្បឿនលឿនពេក”។ ក្រៅពីនេះក៏មានសេចក្តីព្រាងជាច្រើនផ្សេងទៀតដូចជា ការផ្តល់នូវសញ្ញាព្រមានជាសម្លេងអោយបានច្បាស់លាស់ទៅដល់អ្នកបើកបរ ដើម្បីការពារការបង្កើតការបង្កើនល្បឿនដោយអចេតនា និងប្រព័ន្ធកាត់ផ្តាច់ប្រព័ន្ធអគ្គិសនីនៅគ្រប់ស្ថានភាពដោយស្វ័យប្រវត្តិ ដែលរួមបញ្ចូលទាំងនៅរថយន្តប្តូរល្បឿនមកត្រឹម ២៥គ.ម/ម៉ ឬពេលពោងសុវត្ថិភាពផ្ទុះឡើងផងដែរ។

លក្ខណៈបច្ចេកទេសនៃបង្អួច ការហាមទៅលើការការប្រើស្កុតបិទកញ្ចក់ដែលមានចំណាំងផ្លាត(Reflective) និងតម្រូវឱ្យតំបន់មើលឃើញរបស់អ្នកបើកបររក្សានូវកម្រិតពន្លឺ ៧០% ។ រួមជាមួយកញ្ចក់បង្អួចសម្រាប់ចេញក្នុងគ្រាអាសន្នត្រូវតែប្រើកញ្ចក់ដែលមានកំរាស់មិនក្រាស់ជាង ៥មីលីម៉ែត្រ និងមិនអាចស្កុតការពារកម្តៅថ្ងៃបានឡើយ ដោយធានាថាពួកវាអាចបែកបានយ៉ាងងាយក្នុងគ្រាមានអាសន្ន។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់ជាសាធារណៈនៅឡើយ៕




















