[បរទេស] ប្រទេសចិនបាននាំចេញរថយន្តសរុបចំនួន ១ ០៦៩ ០០០ គ្រឿងនៅត្រឹមក្នុងត្រីមាសទីមួយ ក្នុងឆ្នាំ ២០២៣ ហើយក៏ជាលើកដំបូងដែលប្រទេសនេះវ៉ាដាច់ជប៉ុន និងអាល្លឺម៉ង់ ក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេរបស់ពិភពលោក ។
ចំពោះសមិទ្ធផលនេះ ដោយសារមួយផ្នែកដែលប្រទេសចិនស្ទើរតែក្លាយជាប្រទេសផ្តាច់មុខក្នុងការនាំចេញ និងចែកចាយរថយន្តទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានដកខ្លួនចេញពីទីផ្សារនេះ។
យោងតាមគេហទំព័រ CarnewsChina ម៉ាកយីហោឈានមុខគេក្នុងការនាំចេញរថយន្តរបស់ប្រទេសគឺ SAIC ជាមួយនឹងរថយន្តចំនួន ៣១៣ ០០០ គ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Chery និង Tesla របស់ប្រទេសចិនដែលមានការលក់រថយន្តចំនួន ២៤៤ ០០០ និង ១២៨ ០០០ គ្រឿង។
គួរឲ្យដឹងថា នៅមុនឆ្នាំ ២០២០ ការនាំចេញរថយន្តរបស់ចិនមានជាមធ្យមប្រហែលមួយលានគ្រឿងក្នុងមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០២១ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ដោយនៅចុងឆ្នាំ ២០២២ ប្រទេសចិនបាននាំចេញរថយន្តចំនួន ៣,១១ លានគ្រឿងដោយបានវ៉ាដាច់ប្រទេសអាឡឺម៉ង់ដើម្បីក្លាយជាប្រទេសនាំចេញរថយន្តធំទីពីរនៅលើពិភពលោក។
ទន្ទឹមនឹងនះ យោងតាមគេហទំព័រ Reuters បានឲ្យដឹងថា ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែដដែល នោះក្រុមហ៊ុនផលិតរថយន្តចិនអាចកាន់កាប់បានរហូតដល់ ៣៥% នៃចំណែកទីផ្សារនៃការលក់រថយន្តនៅក្នុងប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ៕