ចិន ប្រកាសចេញថ្មឡាន EV ថ្មី គឺអាចបើកបរបាន ១៥០០គ.ម នៅពេលសាកពេញ!

នៅក្នុងព្រឹត្តិការណ៍ CATL Tech Day 2025 ដែលបានប្រព្រឹត្តទៅថ្ងៃទី ២១ ខែមេសា ថ្មីៗនេះ, ក្រុមហ៊ុនផលិតថ្មរបស់ប្រទេសចិនឈ្មោះ CATL បានប្រកាសបង្ហាញចេញនូវបច្ចេកវិទ្យាថ្មថ្មីរបស់ខ្លួនចំនួន ៣ ប្រភេទ ដែលអាចជាជំហានធំនៃការផ្លាស់ប្តូរប្រវត្តិសាស្រ្តក្នុងឧស្សាហកម្មយានជំនិះអគ្គិសនី។ ក្នុងនោះ បច្ចេកវិទ្យាទាំងនេះមិនត្រឹមតែធ្វើឲ្យរថយន្តអគ្គិសនីកាន់តែមានសមត្ថភាពប៉ុណ្ណោះនោះទេ ប៉ុន្តែវាថែមទាំងរួមចំណែកដល់ការបន្ថយក្នុងការពឹងផ្អែកលើថ្ម Lithium-ion battery ទៀតផង។

បច្ចេកវិទ្យាថ្មដំបូងនោះគឺ ថ្ម “Freevoy Dual Power Battery” ដែលជាថ្មថ្មីមួយរបស់ក្រុមហ៊ុន CATL ដែលអាចឲរថយន្តអាចធ្វើដំណើរបានចម្ងាយរហូតដល់ ១ ៥០០ គីឡូម៉ែត្រ ឯណ្ណោះ នៅពេលសាកពេញម្តង។ ថ្មនេះ ត្រូវបានរចនាបែបជា dual-core ដែលចែកតំបន់ថាមពលជា ២ ផ្សេងគ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងសម្រាប់ជំនួយបន្ថែមជាពិសេស ដែលស្រដៀងនឹងបច្ចេកវិទ្យា​នៅក្នុងយន្តហោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ថ្មទី ២ គឺថ្ម Shenxing Superfast Charging ជំនាន់ទី ២ ដែលអាចឲរថយន្តអាចធ្វើដំណើរបានចម្ងាយរហូតដល់ ៥២០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកក្នុងរយៈពេលតែ ៥ នាទី ប៉ុណ្ណោះ ប្រសិនបើភ្ជាប់ទៅស្ថានីយសាកថ្មមេហ្គាវ៉ាត់។ ក្នុងនោះ ថ្មនេះ អាចដំណើរការបានល្អស្ទើរតែគ្រប់លក្ខខណ្ឌទាំងអស់ ពិសេសនៅក្នុងអាកាសធាតុត្រជាក់ដល់ -10°C ក៏នៅសាកបានលឿនដែរ។

ចំណែកបច្ចេកវិទ្យាថ្មចុុងក្រោយនោះគឺថ្ម Sodium-ion Battery ដែលអាចនឹងបើកនូវផលិតកម្មក្នុងទ្រង់ទ្រាយធំចាប់ពីខែធ្នូ ឆ្នាំ ២០២៥ នេះ។ ថ្មនេះ មានដង់ស៊ីតេថាមពលរហូតដល់ 175Wh/kg ហើយអាចដំណើរការបានល្អនៅក្នុងសីតុណ្ហភាព -40°C ។ ក្នុងនោះ ក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា ថ្មមួយប្រភេទនេះ គឺមានសមត្ថភាពសាកលឿនខ្លាំងបើទោះបីជាស្ថិតនៅក្នុងសីតុណ្ហភាព -40°C ក៏ដោយ និងគ្មានការផ្ទុះនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម