
បន្ទាប់ពីចំណាយពេលអភិវឌ្ឈន៍អស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Smart បានប្រកាសគ្រោងនឹងបង្ហាញចេញនូវរថយន្តគ្គិសនីថ្មីរបស់ខ្លួនគឺ Smart #2 EV ហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងប្រទេសចិននៅចុងឆ្នាំ ២០២៦ ខាងមុខនេះ។
ក្នុងនោះ សម្រាប់រថយន្តថ្មីនេះ គឺត្រូវបានបង្កើតឡើងក្រោមការសហការគ្នា 50:50 រវាងក្រុមហ៊ុន Geely និង Mercedes-Benz ដែលក្រុមហ៊ុន Geely ទទួលខុសត្រូវចំពោះផ្នែកបច្ចេកវិទ្យា និងគ្រោងឆ្អឹង ចំណែកក្រុមហ៊ុន Mercedes-Benz វិញ នឹងទទួលខុសត្រូវខាងផ្នែករចនា។
បើនិយាយពីការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ គឺមានប្រវែង ២ ៦៩៥ ម.ម ទទឹង ១ ៦៦៣ ម.ម កម្ពស់ ១ ៥៥៥ ម.ម និងប្រវែងគម្លាតកង់ ១ ៨៧៣ ម.ម។ ចំណែការចនាផ្នែកខាងក្នុងវិញ គឺមានចំនួនតែ ២កៅអី ប៉ុណ្ណោះ ពោលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង។
គួរបញ្ជាក់ថា ក្រៅពីប្រកាសចេញនៅក្នុងទីផ្សារប្រទេសចិន រថយន្តស៊េរីថ្មីនេះក៏នឹងប្រកាសចេញលក់នៅក្នុងទីផ្សារតំបន់អឺរ៉ុបផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បានបង្ហាញចេញនៅឡើយទេ៕