ចេញតម្លៃហើយ! ឡាន Infiniti QX80 ឆ្នាំ២០២២ តម្លៃចាប់ពី ៧១ ៩៩៥ដុល្លារ

ក្រុមហ៊ុន Infiniti បានប្រកាសពីតម្លៃនៃរថយន្ត QX80 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយមានតម្លៃថ្លៃជាងស៊េរីមុន ១ ៤៥០ដុល្លារ។

រថយន្ត SUV កៅអី ៣ជួររបស់ជប៉ុននេះ នឹងមានតម្លៃចាប់ពី ៧១ ៩៩៥ដុល្លារ ហើយឡើងរហូតដល់ ៨៣ ៦៣០ដុល្លារ។ Infiniti QX80 ឆ្នាំ២០២២ នឹងចែកចេញជា ៣ម៉ូដែល គឺ Luxe តម្លៃ ៧១ ៩៩៥ដុល្លារ, Select តម្លៃ ៧៦ ៧៨០ដុល្លារ និង Sensory តម្លៃ ៨៣ ៦៣០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលការឌីហ្សាញផ្នែកខាងក្រៅស្រដៀងនឹងស៊េរីមុន QX80 បានធ្វើឲ្យកាប៊ីនខាងក្នុងមានភាពទំនើបជាងមុន ហើយបំពាក់អេក្រង់កម្សាន្តថ្មី ទំហំដល់ ១២,៣អ៊ីញ ដែលមានមុខងារផែនទី និងមុខងារប្រាប់ផ្លូវ ក៏ដូចជា Apple CarPlay និង Android Auto ផងដែរ។

មិនតែប៉ុណ្ណោះ QX80 ឆ្នាំ២០២២ ក៏បានបំពាក់ចង្កឹះលេខមានគុណភាពខ្ពស់ជាងមុន និងកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែទៀតផង។ អ្វីដែលពិសេសនោះគឺ វាមានបំពាក់មុខងារកៅអីក្តៅត្រជាក់មកស្តង់ដារ នៅកៅអីជួរទី១ និងទី២ តែម្តង។ បន្ថែមពីលើកៅអីស្បែក វាក៏មានបំពាក់មុខងារ Intelligent Cruise Control និងប្រព័ន្ធសំឡេង Bose premium audio system ទៀតផង។

រថយន្ត Infiniti QX80 ស៊េរីឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់ជាក់លាក់ នៅមិនទាន់ដឹងនោះទេ ប៉ុន្តែវាទំនងជាមកដល់នៅចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម