នៅឆ្នាំ ២០២០ នេះគេរំពឹងថារថយន្តម៉ូដែល Hilux នឹងទទួលបានការផ្លាស់ប្ដូរមុខមាត់ថ្មី ហើយនាថ្ងៃនេះប្រហែលជាការឃើញជាលើកដំបូងនៃ Toyota Hilux ស៊េរីថ្មី។
ត្បិតថាគេមិនអាចជឿជាក់លើរូបភាពនេះទាំងស្រុងដោយសារតែមិនមែនចេញពីក្រុមហ៊ុន Toyota ផ្ទាល់ ប៉ុន្តែវិបសាយ Car Advice អះអាងថានេះអាចជារូបភាព Render ផ្អែកតាមឯកសារផ្ទៃក្នុងនៃរថយន្ត Toyota Hilux ឆ្នាំ ២០២១។ វិបសាយដដែលនេះបន្តថារូបរាងពិតរបស់ Hilux ស៊េរីថ្មីអាចនឹងមិនដូចអ្វីដែលបង្ហាញតាម Render ទាំងអស់នោះទេ ប៉ុន្តែ Hilux ថ្មីនេះនឹងមានការផ្លាស់ប្ដូរមុខមាត់ថ្មីខុសពីមុន។
តាមរយៈរូបភាពបង្ហាញថា Hilux ឆ្នាំ ២០២១ នឹងមានការឌីហ្សាញអំពូលមុខចំនួនពីរប្រភេទ ដែលមួយសម្រាប់ Option ខ្ពស់ប្រើប្រាស់អំពូល Halogen លាយនឹងអំពូល LED ហើយមួយទៀតជា Option ខ្ពស់ ប្រើប្រាស់អំពូល LED សុទ្ធ។ ភ្លើងក្រោយក៏មានប្ដូរមកប្រើអំពូល LED ផងដែរ ប៉ុន្តែភ្លើងស៊ីញ៉ូឆ្វេងស្ដាំ នៅជាប្រភេទ Halogen ដដែល។
គេជឿជាក់ថាម៉ាស៊ីនរបស់ Toyota Hilux ឆ្នាំ ២០២១ នឹងមានសមត្ថភាពខ្លាំងលើសមុនបន្តិច ហើយបើតាមការចុះផ្សាយកាលពីថ្មីៗនេះគឺនឹងមានជាប្រភេទ GR Hilux ដែលមានប្រើម៉ាស៊ីន Turbodiesel V6 ថ្មី ផ្ដល់កម្លាំងខ្លាំងដល់ប្រព័ន្ធប៉ុងពីរនៃរថយន្ត៕