[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Chevrolet Equinox EV ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៣៤ ៩៩៥ ដុល្លារ ដល់ ៤៩ ០៩០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
រថយន្តនេះ ត្រូវបានផលិតឡើងលើគ្រោងឆ្អឹង Ultium platform មានប្រវែងតួខ្លួនសរុប ៤ ៨៤០ ម.ម ទទឹង ១ ៩៥៤ ម.ម កម្ពស់ ១ ៦៤៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបានចំនួន ២១០សេះ និងកម្លាំងរមួល ៣២៨ ញ៉ូតុនម៉ែត្រ។
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបានចំនួន ២៩០សេះ និងកម្លាំងរមួល ៤៦៩ ញ៉ូតុនម៉ែត្រ។
ក្នុងនោះ រថយន្តនេះ ផ្តលជូននូវជម្រើសកញ្ជប់អាគុយទំហំ ៦៨ និង ៨៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤៩៤ ទៅ ៥១៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកល្បឿនលឿន ១៥០គីឡូវ៉ាត់ ដោយសាកត្រឹមតែ ១០នាទី ប៉ុណ្ណោះ គឺអាចជិះបានចម្ងាយ ១១៣គីឡូម៉ែត្រ។
សម្រាប់ការរចនារូបរាងខាងក្រៅរបស់រថយន្តនេះ មានរូបរាងហាប់ណែន ដោយមានប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៧ ដល់ ២១អ៊ីញ និងដំបូលកញ្ជក់ Panoramic sunroof ។
ខណៈនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៊ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តការរបស់ Google Biult-in ដូចជា Google Assistant, Google Maps និង Google Play ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីម៉ាស្សា កៅអីកម្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់អូតូ ព្រមទាំងទទួលបាននូវមុខងារជំនួយការបើកបរកម្រិតខ្ពស់ដែលមានសមត្ថភាពការចុះចតដោយស្វ័យប្រវត្តិ, ចាប់សញ្ញា, ចាប់ហ្វ្រាំងអូតូ, កាម៉េរ៉ា ៣៦០ដឺក្រេ, ជំនួយពេលឡើង-ចុះចំណោត និងមុខងារផ្សេងៗទៀតជាដើម៕