[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានប្រកាសដាក់បង្ហាញចេញនូវរថយន្តភីកអាប់ Isuzu D-Max ប្រភេទ Mild-Hybrid ឫ MHEV ថ្មី ក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ថ្លៃជាងម៉ូឌែលធម្មតាខ្ទង់ ៥០០ដុល្លារ ពោលគឺចាប់ពី ៣៣ ២០៥ ដុល្លារ។
Isuzu D-Max ដំណើរការដោយប្រព័ន្ធ Mild-Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ RZ4E ប្រើប្រាស់ Turbo អាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤៨វ៉ុល មានថាមពល ៣៧០វ៉ាត់ម៉ោង និងប្រអប់លេខអូតូចំនួន ៦វគ្គ និងប្រព័ន្ធបើកបរប៉ុង១ RWD។ លើសពីនេះទៅទៀត រថយន្តនេះ ក៏ទទួលបាននូវប្រព័ន្ធមុខងារបំម្លែងថាមពលទៅជាអគ្គិសនីនៅពេលជាន់ហ្វ្រាំងផងដែរ (Regenerative Braking)។
ក្នុងនោះរថយន្តនេះ ត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពប្រេង និងកាត់បន្ថយការបំភាយឧស្ម័នពុល ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Isuzu នឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Isuzu D-Max ប្រភេទអគ្គិសនីសុទ្ធនាពេលឆាប់ៗខាងមុខនេះ ៕