[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus នៅក្នុងប្រទេសវៀតណាមបានធ្វើចេញលក់ជាផ្លូវការនៅរថយន្ត Lexus LX 600 ដែលជាម៉ូដែលជំនួស LX 570 ។ សម្រាប់រថយន្ត Lexus LX600 បានចេញលក់ជា៣ប្រភេទរួមមាន Urban, F Sport និង VIP ។ ខណៈ ប្រភេទ Urban មាន ៧ កៅអី, F Sport និង VIP មាន ៥ កៅអី និង ៤ កៅអី។
សម្រាប់ ចំណុចលេចធ្លោនៅលើរថយន្ត LX 600 ថ្មី មានបំពាក់ជាមួយប៉ាណាមុខធំ អេក្រង់កម្សាន្តកណ្តាល ចំនួន២ ទំហំ ១២,៣ អ៊ីញ និង ៧ អ៊ីញ និងថាសកង់ទំហំ ២២ អ៊ីញដោយមានតម្លៃចាប់ពី ៣៥៣ ០៤៩ ដុល្លារ។
សម្រាប់រថយន្ត LX 600 ប្រភេទ F Sport គឺផ្តោតទៅលើក្រុមអតិថិជនដែលចូលចិត្តរចនាប័ទ្មបែបស្ព័រ ជាមួយនឹងឧបករណ៍ជាច្រើនដែលផ្តោតលើការបើកបរ។ ជាមួយគ្នានេះ ប្រភេទនេះត្រូវបានបំពាក់ដោយរបារទប់លំនឹងខាងមុខ/ក្រោយ, ប្រព័ន្ធ AVS adaptive suspension និងប្រព័ន្ធចង្កូតភ្លើង EPS មានតម្លៃ ៣៦៣ ៨៧៣ ដុល្លារ។
រីឯប្រភេទ VIP មានតម្លៃ ៤០១ ៣៥០ ដុល្លារ មានកៅអី ៤ អនុញ្ញាតឲ្យកៅអីខាងក្រោយអាចបត់បាន ៤៨ ដឺក្រេ។ ក្នុងនោះ ក្រុមហ៊ុន Lexus និយាយថា កៅអីនៅលើ LX 600 VIP គឺថ្មីស្រឡាង និងមានកន្លែងសម្រាប់ទ្រក្បាល Ultra Luxury ផ្តាច់មុខ, កៅអីខាងក្រោយមានផ្ទាំងបញ្ជា ដែលអាចលៃតម្រូវបានច្រើនមុខងារផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Lexus LX 600 ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ៤០៩ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ កម្លាំងបញ្ចូនទៅកាន់ទាំងបួន ភ្ជាប់ជាមួយប្រអប់អូតូ ១០វគ្គ។
គួរបញ្ជាក់ផងដែរ នៅក្នុងជំនាន់ទី ៤ នៃរថយន្ត Lexus ប្រភេទ SUV ខ្នាតធំ ត្រូវបានធ្វើឲ្យប្រសើរឡើងជាមួយនឹងសមត្ថភាពបើកបរលើផ្លូវលំបាក ឬ off-road ជាមួយនឹងបច្ចេកវិទ្យាដូចជា Multi-Terrain Select, Crawl Control, អេក្រង់បង្ហាញលើកញ្ចក់, Muti-Terrain Display និង Multi-terrain Monitor និង Back Underfloor View Monitor ជាដើម៕