[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Toyota 4Runner ជំនាន់ទី៦ ស៊េរីឆ្នាំ២០២៥ ផ្តល់ជូនជម្រើសថ្មីចំនួន ២ បន្ថែមរួមមាន Traihunter និង Platinum សរុបទាំងអស់ ៩ ជម្រើស ជាមួយតម្លៃលក់ចាប់ពី ៤០ ៧៧០ ដុល្លារ ដល់ ៦៦ ៩០០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform មានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៩៧៦ ម.ម កម្ពស់ ១ ៧៩៨ ម.ម ប្រវែងគម្លាយកង់មុខ-ក្រោយ ២ ៨៤៤ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២៣៣ ម.ម ដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៨ សេះ និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD និងមានកម្រិតសុីប្រេងខ្ទង់ ១១,៧លីត្រ ក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។
- ម៉ាស៊ីនកូនកាត់ I-Force Max Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុប ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,៨៧គីឡូវ៉ាត់ម៉ោង និងភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD ជាមួយប្រព័ន្ធចាក់សោរប៉ុងស្វ័យប្រវត្តិ និងមានកម្រិតសុីប្រេងខ្ទង់ ១០,២លីត្រ ក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Toyota 4Runner ជំនាន់ទី៦ ស៊េរីឆ្នាំ២០២៥ គឺមានការរចនាជាមួយរូបរាងហាប់ណែនជាងមុន ជាពិសេសបានបំពាក់ថាសកង់ស្រោបដោយសំបកប្រភេទ Off-Road ទំហំ ៣៣អ៊ីញ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមដែលអាចលើកកំពស់បាន ២,០អ៊ីញផ្នែកខាងមុខ និង ១,៥អ៊ីញនៅផ្នែកខាងក្រោយដើម្បីផ្តល់ការបើកបរ Off-road កាន់តែមានភាពរលូតផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ ដល់ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ ដល់ ១៤,០ អ៊ីញ អាចភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ។ លើសពីនេះទៅទៀត ក៏មានមកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety sense 3.0 ជាស្តង់ដារទៀតផង។ គួរបញ្ជាក់ថា សម្ភារៈ និងគ្រឿងបរិក្ខាគឺទទួលបានទៅតាមជម្រើស ឫក៏ Options ៕