[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃលក់របស់រថយន្ត Toyota Grand Highlander សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៤០ ៨៦០ ដុល្លារ ដល់ ៥៨ ៧៧៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក (តម្លៃទាបជាងជំនាន់មុនខ្ទង់ ២ ៤៦០ដុល្លារ) ។
រថយន្តនេះ ដំណើរការដោយ៖
- ម៉ាសុីន Hybrid Max ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបាន ៣៦២ សេះ និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ។
- ម៉ាសុីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបាន ២៤៥ សេះ និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ។
- ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៨វគ្គ។
ក្នុងនោះ រថយន្តនេះ ផ្តល់ជូនទាំងជម្រើសប្រព័ន្ធបើកបរប៉ុង ១ FWD និងប៉ុង ២ AWD និងមានកម្រិតសុីប្រេងចន្លោះពី ៦,៩លីត្រ ទៅ ១០,២លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ(អាស្រ័យលើ Option)។
សម្រាប់ការរចនាផ្នែកខាងក្រៅបានតុបតែងជាមួយប៉ាណាមុខពណ៌ខ្មៅទំហំធំ អបសងខាងដោយចង្កៀង LED ថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២០អ៊ីញ និងចង្កៀងក្រោយប្រភេទ LED រាងអក្សរ C។
ចំពោះនៅខាងផ្នែកក្នុងកាប៊ីនវិញ ត្រូវបានតុបតែងដោយស្បែកពណ៌ខ្មៅ និងបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន ៧អ៊ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ ក៏ដូចជាឧបករណ៍បំពងសំលេងចំនួន ៦ចំនុច ម៉ាសុីនត្រជាក់ចំនួន ៣ចំនុច និង ប្រព័ន្ធជំនួយការបើកបរ Toyota Safety Sense 3.0 ជាដើម (អាស្រ័យលើ Option) ៕