ចំណុច ៥យ៉ាងដែលអ្នកគួរដឹងអំពីរថយន្ត SsangYong Tivoli ឆ្នាំ២០២២

[៥ចំណុចពីឡាន] វិសាលភាពនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាបាន និងកំពុងកើនឡើងយ៉ាងខ្លាំង ជាក់ស្តែងពុំថារថយន្តប្រភេទភីកអាប់, SUV ខ្នាតមធ្យម ឬ SUV ខ្នាតតូចនោះឡើយគឺពិតជាមានការកើនឡើងយ៉ាងខ្លាំង ប៉ុន្តែបើក្រឡេកមកមើលមួយរយៈពេលចុងក្រោយនៃកំណើននៃការប្រើប្រាស់រថយន្ត SUV ខ្នាតតូច ឬ Compact SUV ហាក់មានការផ្ទុះឡើងគួរអោយកត់សម្គាល់ ដូច្នេះហើយថ្ងៃនេះដែរ ខេមបូអូតូ សូមលើកយកនូវលក្ខណៈពិសេសៗ ៥យ៉ាង នៃរថយន្ត SUV ខ្នាតតូចមួយម៉ូឌែលរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនោះគឺរថយន្ត SsangYong Tivoli 2022 ដើម្បីជួយអោយបងប្អូនងាយស្រួលដាក់ចូលក្នុងបញ្ជីដែលបងប្អូនកំពុងពិចារណា។

ចំណុចទី១ ទំហំ និងការរចនារូបរាងខាងក្រៅ៖ រថយន្ត Tivoli ឆ្នាំ2022 មានប្រវែងសរុប៤ ២២៥មម, ទទឹង ១ ៨១០មម, កម្ពស់ ១ ៦១៣មម, ប្រវែងគម្លាតកង់ ២ ៦០០មម និងកម្ពស់ពីដី ១៧៨មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកទៅមើលការរចនានៅផ្នែកខាងក្រៅនៃរថយន្ត រថយន្តមានការឌីស្សាញ រឹងម៉ាំ និងទាក់ទាញទាន់សម័យ។ ដោយផ្នែកខាងមុខបានបំពាក់ជាមួយចង្កៀងប្រភេទ LED ភ្ជាប់ដោយប្រព័ន្ធកំណត់កម្ពស់ភ្លើង, អំពូលកាត់អ័ព្ទប្រភេទ LED, កញ្ជាក់ជំហៀងប្រភេទ LED ភ្ជាប់ដោយមុខងារក្តោបអូតូ, ថាសកង់ ១៨អ៊ីញ និងចង្កៀងក្រោយប្រើប្រាស់នូវអំពូលគុជ ប្រភេទ LED។

ចំណុចទី២ ការរចនា និងគ្រឿងបរិក្ខាផ្នែកខាងក្នុង៖ ដោយប្រវែងនៃគម្លាតកង់មានរហូតដល់ ២ ៦០០មម ដូច្នេះផ្នែកខាងក្នុងនៃកាប៊ីន អាចនិយាយបានថាមានសភាពទូលាយសមល្មមក្នុងការធ្វើដំណើរជាមួយសមាជិកចំនួន ៥នាក់។

បន្ថែមពីនេះផ្នែកខាងក្នុង រថយន្តនេះក៏បានប្រើប្រាស់ជាមួយស្បែក ដែលជួយបង្កើននូវបំណិតភាពផងដែរ បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់មកជាមួយគ្រឿងបរិក្ខាដូចជាកៅអីផ្នែកខាងមុខជាប្រភេទអូតូ និងមានមុខងារក្តៅ-ត្រជាក់, កុងទ័របង្ហាញព័ត៌មាន TFT LCD ទំហំរហូតដល់ ១០,២៥អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple carplay និង Android Auto, សោឆ្លាតវៃ និងប៉ូតុង Start/Stop Engine ងាយស្រួលក្នុងការបញ្ចេះ និងពន្លត់ម៉ាស៊ីនរថយន្ត, ម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិ ២តំបន់ និងឧបករណ៍បំពងសម្លេងចំនួន ៦ចំណុចផងដែរ។

ចំណុចទី៣ ថាមពលម៉ាស៊ីន៖ រថយន្ត SsangYong Tivoli ឆ្នាំ2022 ដំណើរការដោយម៉ាស៊ីន GDI-Turbo ចំណុះ 5លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានរហូតដល់ ១៦៥ps និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ និងមានកម្រិតស៊ីប្រេងជាមធ្យម ៧,៥លីត្រ ក្នុងរយៈចម្ងាយនៃការបើបរ ១០០គ.ម។

ចំណុចទី៤ ប្រព័ន្ធសុវត្ថិភាព៖ បើក្រឡេកទៅមើលប្រព័ន្ធសុវត្តិ និងជំនួយការបើកបរវិញរថយន្ត Tivoli បានបំពាក់មកជាមួយ

  • សេនស័រមុខ-ក្រោយចំនួន ៨គ្រាប់
  • ពោងសុវត្ថិភាពចំនួន ៦ចំណុច
  • សេនស័រចាប់ទឹកភ្លើង និងផ្លិតទឹកអូតូ
  • ប្រព័ន្ធចាក់សោទ្វាដោយស្វ័យប្រវត្តិ Auto Lock

  • ប្រព័ន្ធកាំមេរ៉ាជំនួយចូលចត និងប្រព័ន្ធជំនួយពេលចូលចត Parking Assist System
  • ប្រព័ន្ធហ្វ្រាំង ABS ជួយមិនអោយហ្វ្រាំងអូសកង់នៅពេលបញ្ឈប់រថយន្តក្នុងស្ថានភាពអាសន្ន
  • ប្រព័ន្ធគ្រប់គ្រងលំនឹងនៅពេលបើកផ្លូវកោង
  • ប្រព័ន្ធផ្តល់ផ្តល់សញ្ញាពេលមានអាសន្នដល់អ្នកបើកបរនៅពីក្រោយ
  • ប្រព័ន្ធទប់លំនឹងពេលចុះចំណោត
  • ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត

ចំណុចទី៥ ចុងក្រោយ គឺតម្លៃ៖ សម្រាប់ទីផ្សារនៅប្រទេសកម្ពុជារថយន្ត SsangYong Tivoli ឆ្នាំ2022 ផ្តល់នូវជម្រើសចំនួន ២ប្រភេទគឺ Luxury មានតម្លៃចាប់ពី ២៩ ៩០០ដុល្លារ និងប្រភេទ Premium មានតម្លៃចាប់ពី ៣៣ ៩០០ដុល្លារ។

ទាំងនេះគឺជាអ្វីដែលមាននៅលើរថយន្ត SUV ខ្នាតតូច SsangYong Tivoli ឆ្នាំ2022។ យ៉ាងណាមិញសម្រាប់ព័ត៌មានដែលបានបង្ហាញនេះអ្វីដែលក្រុមការងារខេមបូអូតូបានសិក្សាស្រាវជ្រាវ ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដោយផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម