[ទីផ្សារបរទេស] រយៈចម្ងាយបើកបរតែងត្រូវបានមើលឃើញថាជាចំណុចសំខាន់មួយសម្រាប់រថយន្តអគ្គិសនី ជាពិសេសនៅអំឡុងពេលដែលរថយន្តនេះមិនទាន់មានច្រើនសម្បូរបែប ប៉ុន្តែការផ្លាស់ប្ដូរបានកើតមានឡើងយ៉ាងឆាប់រហ័សជាមួយរថយន្តអគ្គិសនី។
មន្ទីរថាមពលនៃការិល័យបច្ចេកវិទ្យារថយន្តរបស់អាមេរិក បានកត់បញ្ជាក់ថាចំនួនរថយន្តអគ្គិសនីដែលបើកបរបានឆ្ងាយលើទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
រថយន្តដំបូងគេដែលមានចម្ងាយបើកបរដល់ ៣០០ម៉ាយ (ប្រមាណ ៤៨៣គ.ម) បានបង្ហាញវត្តមានក្នុងទីផ្សារកាលពីប៉ុន្មានឆ្នាំមុន ក្នុងនាមជារថយន្តស៊េរីឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក មានរថយន្តអគ្គិសនីបើកបានចម្ងាយ ៣០០ម៉ាយ បង្ហាញវត្តមានជាហូហែរ ដោយសម្រាប់ស៊េរីឆ្នាំ២០២២ គេឃើញមានរថយន្តនេះឡើងដល់ ១៤ម៉ូដែល។ នេះជាការកើនឡើងគុណនឹងបី បើធៀបនឹងចំនួនកាលពីឆ្នាំ២០២១ ហើយវាអាចនឹងបន្តបង្ហាញវត្តមានបន្ថែមទៀតផងដែរ សម្រាប់ឆ្នាំ២០២២នេះ។
សម្លឹងទៅស៊េរឆ្នាំ២០២៣ គេរំពឹងថានឹងមានរថយន្តអគ្គិសនីបើកបានចម្ងាយ ៣០០ម៉ាយ មិនតិចជាង ២០ម៉ូដែលឡើយ ដែលនឹងបង្ហាញវត្តមានលើទីផ្សារនៅសហរដ្ឋអាមេរិក។
គិតត្រឹមពេលនេះរថយន្តអគ្គិសនីសុទ្ធស៊េរីឆ្នាំ២០២២ ដែលបើកបានចម្ងាយ ៣០០ម៉ាយ មានមកពីក្រុមហ៊ុនចំនួន៧ ដោយមានដូចជា
BMW iX, BMW i4, Ford F-150 Lightning, Ford Mustang Mach-E, GMC Hummer EV, Hyundai Ioniq 5, Kia EV6, Lucid Air, Mercedes-Benz EQS, Rivian R1S, Rivian R1T, Tesla Model S, Tesla Model X, Tesla Model 3 និង Tesla Model Y៕