[បរទេស] យោងតាមគេហទំព័រ Carsguide បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅអូស្រ្តាលីបានបញ្ជាក់ថា ក្រុមហ៊ុននឹងដាក់បង្ហាញរថយន្ត Toyota Hilux និង Land Cruiser ប្រភេទកូនកាត់ hybrid ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ក្នុងនោះ នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសអូស្ត្រាលីបានបញ្ជាក់ថារថយន្តម៉ាកយីហោទាំងអស់គឺលើកលែងតែម៉ូដែល GR នឹងប្រើអគ្គិសនីនៅចុងទសវត្សរ៍នេះ តាមរយៈការប្រើប្រាស់កូនកាត់ hybrid មុនពេលក្លាយជាអគ្គិសនីសុទ្ធនៅឆ្នាំ ២០៣០។
ទន្ទឹមនឹងនេះ Sean Hanley អនុប្រធានផ្នែកទីផ្សារ និងលក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីស្នាក់ការកណ្តាលរបស់ Toyota អូស្ត្រាលីថា ផែនការអនាគតរបស់ម៉ាកយីហោសម្រាប់អគ្គិសនីរួមមានរថយន្តអគ្គិសនីថ្មីចំនួន ៣០ ម៉ូដែលនៅឆ្នាំ ២០៣០ និង ៣ ម៉ូដែលទៀតនឹងត្រូវដាក់បង្ហាញនៅក្នុងប្រទេសអូស្ត្រាលីនៅឆ្នាំ ២០២៦ ។
លោកបានបន្ថែមទៀតថា “នៅឆ្នាំ ២០៣០ ក្រុមហ៊ុន Toyota ទូទាំងពិភពលោកគ្រោងនឹងដាក់បង្ហាញរថយន្តអគ្គិសនីថ្មីចំនួន ៣០ ម៉ូដែល ដែលមានរថយន្តដឹកអ្នកដំណើរអគ្គិសនី រថយន្ត SUV និងរថយន្តពាណិជ្ជកម្មដ៏ទូលំទូលាយ ជាមួយនឹងការលក់ប្រចាំឆ្នាំយ៉ាងហោចណាស់ចំនួន ៣,៥ លានគ្រឿង ។
គួរឲ្យដឹងថា រថយន្តកូនកាត់ hybrid របស់ក្រុមហ៊ុន Toyota មានចំនួន ៣១,៥% នៃការលក់ក្នុងឆ្នាំ ២០២២ ប៉ុន្តែលោក Hanley បាននិយាយថា ម៉ាកយីហោនេះនឹងកើនឡើងលើសពី ៥០% នៅឆ្នាំ ២០២៥ ហើយបន្ទាប់មកនឹងកាន់តែខ្ពស់នៅឆ្នាំ ២០៣០។
តាមការលើកឡើងនោះ វាបញ្ជាក់ថា Toyota នឹងផលិតរថយន្ត HILUX អគ្គិសនីក្នុងពេលឆាប់ៗនេះ ដែលនឹងចាប់ផ្តើមជាមួយនឹងថាមពលកូនកាត់ Hybrid ជាមុនសិន៕