[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota ទីបំផុតបានបញ្ជាក់ថារថយន្ត Hybrid ដែលខ្លួនបានឲ្យតម្រុយកាលពីប៉ុន្មានថ្ងៃមុន គឺពិតជារថយន្ត Prius ជំនាន់ថ្មី ដែលនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា។
រូបភាព Teaser ថ្មីបានបង្ហាញកាន់តែច្រើនជាងមុនពីការឌីហ្សាញរបស់រថយន្តជំនាន់ថ្មី រួមមានអំពូលភ្លើងខាងមុខដែលមានរូបរាងកាន់តែកាច ស្រដៀងនឹងអ្វីដែលមានលើរថយន្ត Crown ជំនាន់ថ្មីដែរ។ យ៉ាងណារូបរាងរបស់ Prius ជំនាន់ថ្មីនៅតែផ្ដោតលើសមត្ថភាពជ្រែកខ្យល់ជាមួយតួខ្លួនប្រភេទ Fastback ទ្វារប្រាំ។
មានការបញ្ជាក់ថារថយន្ត Prius ជំនាន់ទីប្រាំនឹងជាប្រភេទ Hybrid ដោយក្រុមហ៊ុនរៀបរាប់ជាមួយពាក្យថា “Hybrid Reborn”។ គេរំពឹងថា Hybrid លើរថយន្តជំនាន់ថ្មីនឹងមានសមត្ថភាពសន្សំសំចៃបានកាន់តែប្រសើរជាងមុន និងមានបន្ថែមមុខងារសុវត្ថិភាពចុងក្រោយផងដែរ។
ការប្រកាសចេញរថយន្ត Prius ជំនាន់ថ្មីនឹងធ្វើឡើងដោយមានការផ្សាយផ្ទាល់លើបណ្ដាញ YouTube ផងដែរ ដូចនេះរង់ចាំតាមដានទាំងអស់គ្នាថា Prius ជំនាន់ថ្មីមានការផ្លាស់ប្ដូរបែបណាខ្លះ៕