[ទីផ្សារបរទេស] បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំមុន ខណៈពេលនេះ Toyota Prius ស៊េរីឆ្នាំ ២០២៣ បានចេញតម្លៃលក់នៅប្រទេសជប៉ុន ដែលមានតែម៉ូដែលកូនកាត់ hybrid ប៉ុណ្ណោះដែលមានសម្រាប់ពេលនេះ ហើយម៉ូដែល plug-in hybrid រំពឹងថានឹងមាននៅក្នុងខែមីនា ជាមួយតម្លៃលក់ចាប់ពី ២០ ៧៦៦ ដុល្លារ ដល់ ២៩ ៦០១ ដុល្លារ។
សម្រាប់ Toyota Prius ស៊េរីឆ្នាំ ២០២៣ មានម៉ូដែលចំនួន ៨ ផ្សេងគ្នាដាក់លក់នៅក្នុងប្រទេសជប៉ុន ក្នុងនោះក្រុមហ៊ុន Toyota រំពឹងថានឹងលក់រថយន្ត Prius បានចំនួន ៤ ៣០០ គ្រឿងក្នុងមួយខែ។
រថយន្តនេះត្រូវបានផ្អែកលើគ្រោងឆ្អឹង Toyota New Global Architecture (TNGA platform) ជំនាន់ទី ២ របស់ក្រុមហ៊ុន Toyota ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅត្រូវបានរចនាថ្មីទាំងស្រុង បានពង្រីកនៃប្រវែងគម្លាតកង់កាន់តែវែងជាងមុន និងបានបំពាក់ជាមួយថាសកង់ទំហំ ១៧ អ៊ីញ ដល់ ១៩ អ៊ីញជាស្តង់ដារ។ ជាពិសេសនៅផ្នែកខាងមុខមានចង្កៀងមុខប្រភេទ LED និងមានស្តុបក្រោយឌីស្សាញជាខ្សែបន្ទាត់ប្រវែងវែងផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញគឺត្រូវបានផ្លាស់ប្តូរថ្មីដូចគ្នា ដោយត្រូវបានឌីស្សាញឡើងបែប Island Architecture Styling Language ដែលទាន់សម័យ និងទំនើបជាងមុន និងបានបំពាក់ដោយអេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ និងកុងទ័របង្ហាញព័ត៌មានបញ្ឈប្រភេទឌីជីថលផងដែរ។
សម្រាប់ទីផ្សារប្រទេសជប៉ុន Toyota Prius ជំនាន់ទី៥ នេះទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើស ដោយជម្រើសទី១ ជាមប្រភេទ PHEV ដំណើរការផ្គួបគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ហើយបន្ថែមពីនេះជម្រើសម៉ាស៊ីននេះក៏នឹងបង្កើននៅចម្ងាយនៃការបើកបរឆ្ងាយជាងមុន ៥០% ផងដែរ។
ចំនែកឯជម្រើសទី២ គឺជាម៉ាស៊ីនប្រព័ន្ធកូនកាត់ Parallel Hybrid ចំណុះ ២,០ លីត្រ របស់ Toyota ដែលអាចផលិតកម្លាំងរហូតបានទៅ ១៩៣ សេះ និងបំពាក់មកជាមួយប្រព័ន្ធបើកបរ E-Four ដែលជួយបង្កើននូវប្រសិទ្ធភាពនៃការបើកបរកាន់តែប្រសើផងដែរ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ទៀតផង៕