
យោងតាមទិន្នន័យដែលចងក្រងដោយ New Energy Experience Expert បានបង្ហាញឲដឹងថា រថយន្តអគ្គិសនី BYD Denza Z9 EV របស់ក្រុមហ៊ុន BYD បានក្លាយរថយន្តអគ្គសនីសុទ្ធដំបូងគេនៅក្នុងប្រទេសចិន ដែលមានចម្ងាយបើកបរលើស ១ ពាន់គីឡូម៉ែត្រ។
ក្នុងនោះ សម្រាប់រថយន្តអគ្គិសនី BYD Denza Z9 EV របស់ក្រុមហ៊ុន BYD នេះ គឺប្រើប្រាស់នូវកញ្ចប់អាគុយទំហំ ១២២,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១,០៦៨គីឡូម៉ែត្រ (CLTC) នៅពេលសាកថ្មពេញម្តង។

ក្រៅពីនេះ រថយន្តអគ្គិសនី BYD Denza Z9 GT EV និង Yangwang U7 EV ក៏បានក្លាយជារថយន្តបន្ទាប់ពីរថយន្ត BYD Denza Z9 EV ដែលមានចម្ងាយបើកបរលើស ១ ពាន់គីឡូម៉ែត្រផងដែរ ពោលគឺមានចម្ងាយបើកបរ ១,០៣៦ និង ១,០០៦គីឡូម៉ែត្រ។

យ៉ាងណាមិញ បើទោះបីជាមានចម្ងាយបើកបរលើស ១ ពាន់គីឡូម៉ែត្រក៏ដោយ ក៏ប៉ុន្តែបើក្រឡេកទៅមើលរថយន្តដែលមានភាពសន្សំសំចៃថាមពលវិញ គឺបានទៅលើរថយន្ត Tesla Model 3 ដោយក្នុងនោះ គឺប្រើថាមពលត្រឹម ៩,៤៥គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ៕




















