លោក Seigo Kuzumaki ថ្នាក់ដឹកនាំនៃគម្រោងការរថយន្តបើកបរដោយខ្លួនឯងរបស់រដ្ឋាភិបាលជប៉ុន បានប្រាប់ដល់ Bloomberg ថានឹងសាកល្បងដាក់ឲ្យរត់នូវរថយន្តបើកបរដោយខ្លួនឯងជុំវិញទីតាំងប្រកួត មុនព្រឹត្តិការណ៍អូឡាំពិក ២០២០ ប៉ុន្មានសប្ដាហ៍ និងអំឡុងពេលព្រឹត្តិការណ៍ផងដែរ។
រដ្ឋាភិបាលមានគម្រោងនឹងដាក់រថយន្តបើកបរដោយខ្លួនឯងប្រមាណ ១០០ គ្រឿង ឲ្យបំពេញសេវាកម្មនៅចាប់ពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។ រថយន្តនឹងត្រូវផ្គត់ផ្គង់ដោយ Toyota, Nissan និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យានយន្ត។ ក្នុងអំឡុងពេលនោះ រថយន្តនឹងបើកបរទៅមុខដោយសេរីក្នុងតំបន់ក្បែរទីតាំងរៀបចំព្រឹត្តិការណ៍។
អំឡុងការប្រកួតនេះដែរ Toyota ផ្ទាល់ គ្រោងនឹងដាក់ដំណើរការសាកល្បងរថយន្តក្រុងស្វ័យប្រវត្តិគ្មានមនុស្សបើករបស់ខ្លួនម៉ូដែល e-Palette ដើម្បីជាការដឹកជញ្ជូនអត្តពលិក និងមន្ត្រីរៀបចំកម្មវិធីផងដែរ។
ការសាកល្បងរថយន្តស្វ័យប្រវត្តិនេះគឺជាផ្នែកមួយនៃការជំរុញរដ្ឋាភិបាលជប៉ុន ដែលចង់ឲ្យមានរថយន្តបើកបរស្វ័យប្រវត្តិលក់លើទីផ្សារនៅត្រឹមឆ្នាំ ២០២៥៕