តាំងពីពេលប្រកាសចេញ Suzuki Jimny បានក្លាយជារថយន្តដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ដោយសារតែវាមានលក្ខណៈស្រដៀងនឹងរថយន្ត Mercedes-Benz G-Class ខ្លាំងមែនទែន។ ដូចនេះទើបកន្លងមកមានហាងកែច្នៃរថយន្តមួយចំនួនផ្ដល់ជូនកញ្ចប់កែរថយន្ត Jimny ឲ្យកាន់តែដូច G-Class។
ជាក់ស្ដែងដូចជាក្រុមហ៊ុនមួយឈ្មោះ Fast Car Service Center នៅទីក្រុងឌុយបៃមានផ្ដល់សេវាកម្មកែរថយន្ត Jimny ឲ្យដូចជារថយន្ត G-Class ជាមួយគ្រឿងលេងពិសេសៗរបស់ខ្លួន។ គ្រឿងលេងសម្រាប់ផ្លាស់ប្ដូរមុខមាត់រថយន្ត Jimny មានដូចជាអំពូលភ្លើង LED រាងមូល, ផ្ទាំងប៉ាណាដែកជាលក្ខណៈឆ្នូតបញ្ឈរ, ភ្លើងស៊ីញ៉ូស្ថិតនៅផ្នែកចំហៀង និងកាងដែលមានរូបរាងថ្មីផងដែរ។ បន្ថែមពីនេះនៅផ្នែកខាងក្រោយនៃរថយន្ត រួមទាំងតួខ្លួនទាំងមូលក៏មានការផ្លាស់ប្ដូរផងដែរ។
ក្រៅតែពីការផ្លាស់ប្ដូររូបរាងនេះ រថយន្ត Jimny របស់ក្រុមហ៊ុន FCSC មិនមានផ្លាស់ប្ដូរគ្រឿងម៉ាស៊ីននោះទេ ពោលគឺនៅតែប្រើម៉ាស៊ីន ១,៥លីត្រ ដែលអាចផលិតកម្លាំងបាន ១០០សេះដដែល។ កញ្ចប់ផ្លាស់ប្ដូររូបរាងនេះគឺមានតម្លៃប្រមាណ ៥ ៧០០ដុល្លារ នៅឌុយបៃ៕