ជីវិតឡាន Malibu កាន់តែខើច ខណៈ Chevrolet លែងទទួលការកុម្ម៉ង់

[ទីផ្សារបរទេស] ក្នុងមួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន General Motors បានបញ្ចប់ជីវិតរថយន្តរបស់ខ្លួនជាច្រើន រួមទាំង Buick Regal, Buick LaCrosse, Cadillac CT6 និង Cadillac XTS ព្រមទាំងរថយន្ត Chevrolet មួយចំនួនទៀត ដូចជា Cruze, Impala, Sonic និង Volt ផងដែរ។

ជាមួយគ្នានេះ រថយន្ត Chevrolet Spark ក៏នឹងត្រូវអស់ជីវិត ខណៈម៉ូដែល Malibu ក៏ទំនងដូច្នោះដែរ បន្ទាប់ពីក្រុមហ៊ុន Chevrolet បានឈប់ទទួលយកការបញ្ជាទិញសម្រាប់រថយន្ត Malibu ឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Chevrolet លោក Kevin Kelly បានប្រាប់ទៅកាន់គេហទំព័រ CarsDirect ថា “ក្រុមហ៊ុនលែងទទួលការបញ្ជាទិញសម្រាប់ Malibu ទៀតហើយ ដោយសារតែយើងបានទទួលការបញ្ជាទិញគ្រប់គ្រាន់ ដើម្បីបំពេញឆ្នាំ២០២២ ហើយ”។

ថ្វីបើមានការអះអាងបែបនេះមែន ប៉ុន្តែវាអាចជាសញ្ញាដ៏អាក្រក់មួយ ព្រោះថាពេលនេះទើបតែខែកុម្ភៈប៉ុណ្ណោះ ស្របពេលដែលការលក់របស់ Malibu បានធ្លាក់ចុះយ៉ាងខ្លាំង ដូច្នេះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេដែលក្រុមហ៊ុនមិនចង់ផលិតពួកគេច្រើនពេក។

យ៉ាងណាមិញ បើគិតជាតួលេខ ការលក់របស់ Malibu បានធ្លាក់ចុះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦ ដោយពេលនោះក្រុមហ៊ុនលក់វាបានចំនួន ២២៧ ៨៨១ គ្រឿងឯណោះ នៅក្នុងសហរដ្ឋអាមេរិក។ ខណៈពេលដែលការលក់របស់វាបានថយចុះបន្តិចម្ដងៗ ចំនួនលក់នៃរថយន្ត Malibu បានធ្លាក់ចុះមកត្រឹម ៣៩ ៣៧៦ គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ ២០២១៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម