
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់លក់ Pre-sale ជាផ្លូវការនៃរថយន្ត SUV ប្រភេទ Off-Road M-Hero M817 ជាមួយតម្លៃលក់ចាប់ពី ៤៦ ០០០ ដុល្លារ ដល់ ៥០ ០០០ ដុល្លារ ហើយទទួលបានការបញ្ជាទិញទុកមុន ៩ ៧១៣ គ្រឿង ក្នុងរយៈពេល ១ម៉ោងប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះ ជាប្រភេទប្រើអគ្គិសនី លាយសាំង PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៩១២ សេះ និងកម្លាំងរមួល ១២៨០ ញ៉ូតុនម៉ែត្រ ព្រមទាំងប្រើអាគុយប្រភេទ CATL battery ដែលអាចផ្តល់ចម្ងាយបាន ២០០ គីឡូម៉ែត្រ ពីការប្រើថាមពលអគ្គិសនីសុទ្ធ ។ លើសពីនេះ ក៏បានប្រើប្រព័ន្ធជើងក្រោម Air suspension ដែលអាចទម្លើង-ទម្លាក់ផងដែរ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១០០ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៨៩៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០៥ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តល់នៅភាពហាប់ណែន និងអំណាច ដោយផ្នែកខាងមុខមានប៉ាណារាងជាសំណាញ៉ ជាប់ជាមួយកាងដែក ក៏ដូចជាសនុំចង្កៀងមុខ LED រាងស្រួច ព្រមទាំងប្រើប្រាស់ថាសកង់ស្រោបដោយសំបកកង់ក្រាស់ប្រភេទ Off-Road ជាដើម។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ បញ្ចូលនៅប្រព័ន្ធប្រតិបត្តិការ HarmonyOS Cockpit 5.0 system របស់ Huawei ក៏ដូចជាសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង រួមទាំងព្រីភ្លើងចំនួន ១៣ កន្លែងផងដែរ ៕