ជោគជ័យខ្លាំង ការលក់របស់ BYD ក្នុងឆមាសទី ១ កើនឡើងជិត ៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

បន្ទាប់ពីបានចំណាយពេល ១ខែពេញ នៅក្នុងការលក់ និងនាំចេញនូវរថយន្តរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន BYD Group បានប្រកាសឲដឹងហើយថា នៅក្នុងខែមិថុនា ឆ្នាំ ២០២៥ នេះ ពួកគេគឺលក់រថយន្តបានចំនួនសរុបដល់ទៅ ៣៧៧ ៦២៨គ្រឿង ឯណ្ណោះ (រួមបញ្ចូលទាំងរថយន្តម៉ាក BYD ផ្ទាល់, ម៉ាក Denza, FCB និង Yangwang) ដែលចំនួននេះគឺចំនួនខ្ពស់បំផុតក្នុងឆ្នាំនេះបើប្រៀបធៀបខែផ្សេងៗនៅក្នុងឆ្នាំ២០២៥ នេះ។

ក្នុងចំណោមរថយន្តទាំងនោះ រថយន្តចំនួន ២០៦ ៨៨៤ គ្រឿង ឬ ៥៤,៨% គឺជារថយន្តអគ្គិសនី ហើយចំនួន ១៧០ ៧៤៤ គ្រឿងផ្សេងទៀត គឺជារថយន្ត PHEV ។ ក្នុងនោះ បើប្រៀបធៀបទៅនឹងខែមិថុនា ឆ្នាំ ២០២៤ ការលក់រថយន្តអគ្គិសនី (BEV) គឺបានកើនឡើងចំនួន ៤២,៥% ខណៈការលក់រថយន្ត PHEV វិញ គឺបានធ្លាក់ចុះ ១២,៥% ប៉ុន្តែនេះគឺលើកទី ៣ ហើយ នៅក្នុងឆ្នាំ២០២៥ នេះ ដែល BYD លក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួនលើសពី ៥០% នៃការលក់សរុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ការនាំចេញវិញ ក៏មានការកើនឡើងយ៉ាងចាស់ដៃផងដែរ ដោយមានចំនួនដល់ទៅ ៩០ ០៤៩ គ្រឿង ឯណ្ណោះ។ ក្នុងនោះ បើប្រៀបធៀបទៅនឹងខែមិថុនា ឆ្នាំ ២០២៤ ការនាំចេញនេះ គឺមានកើនឡើងដល់ទៅ ២៣៣,៦% ឯណ្ណោះ។

បើសរុបក្នុងឆមាសទី ១ (ខែមករា ដល់ខែមិថុនា) ក្នុងឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន BYD បានលក់រថយន្តបានដល់ទៅ ២,១១ លានគ្រឿង ឯណ្ណោះ កើនឡើង ៣១,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ក្រុមហ៊ុនផ្ទាល់ ក៏បានដាក់គោលដៅក្នុងការលក់រថយន្តឲបានចំនួនដល់ ៥,៥ លានគ្រឿង នៅក្នុងឆ្នាំ ២០២៥ នេះផងដែរ ខណៈឆ្នាំមុនពួកគេលក់រថយន្តបានចំនួនត្រឹមតែ ៤,២៧ លានគ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម