ក្រុមហ៊ុន Volkswagen Group នាពេលបច្ចុប្បន្ននេះមានកាន់កាប់ម៉ាករថយន្តចំនួន ១២មកពីប្រទេសចំនួន ៧នៅអឺរ៉ុប ដែលក្នុងនោះមានដូចជា Audi, Bentley, Bugatti, Porsche និង Lamborghini ជាដើម ហើយ Audi និង Porsche គឺជាម៉ាករថយន្តដ៏ជោគជ័យជាងគេសម្រាប់ Volkswagen Group។
បើតាមការចុះផ្សាយរបស់ Reuters ដែលបានដំណឹងពីប្រភពផ្ទៃក្នុងបានឲ្យដឹងថាថ្នាក់ដឹកនាំនៃ Volkswagen Group នឹងធ្វើការត្រួតពិនិត្យលម្អិតលើយុទ្ធសាស្ត្ររួមរបស់ក្រុមហ៊ុនក្នុងអង្គប្រជុំក្រុមប្រឹក្សាភិបាលនាខែក្រោយនេះ។ គោលដៅធំបំផុតនោះគឺការបង្កើតតម្លៃសរុបរបស់ Volkswagen Group ឲ្យឡើងដល់ ២៣៥ពាន់លានដុល្លារ។
VW ដឹងថាខ្លួននឹងត្រូវការសាច់ប្រាក់ច្រើនដើម្បីជាទន់ដល់បច្ចេកវិទ្យាថ្មីដែលទាក់ទងនឹងរថយន្តអគ្គិសនី ហើយវិធីមួយដែលអាចធ្វើបែបនេះបានគឺតាមរយៈការលក់ម៉ាករថយន្ត Bugatti និង Lamborghini។
ដំណឹងនៃការលក់នេះមិនមែនជាដំណឹងថ្មីថ្មោងនោះឡើយ។ កាលពីប៉ុន្មានសប្ដាហ៍មុនគេបានលេចឮដំណឹងថា Volkswagen ចង់លក់ម៉ាករថយន្ត Bugatti ទៅឲ្យក្រុមហ៊ុន Rimac ដែលភាគីទាំងពីរមិនបានឆ្លើយតបលើដំណឹងនេះឡើយ។ ចំណែកឯនៅខាង Lamborghini ឯណោះ នាយកប្រតិបត្តិ Lamborghini លោក Stefano Domenicali បានលាលែងដំណើរ ទៅកាន់តំណែងជានាយកប្រតិបត្តិថ្មីនៃ Formula 1។ ហេតុផលមួយដែលនាំឲ្យលោកសម្រេចចិត្តបែបនេះ អាចដោយសារភាពមិនច្បាស់លាស់នៃអនាគត Lamborghini ដែលស្ថិតក្រោមការដឹកនាំរបស់ Volkswagen៕