ជះរាងសង្ហាម៉ង! ឡានអគ្គិសនី iA5 សាកថ្មម្តងជិះបានប្រហែល ៦០០ គីឡូម៉ែត្រ តម្លៃខ្ទង់ ៣មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី GAC Toyota iA5 ​លក់​ជា​ផ្លូវ​ការ ដោយម៉ូដែល​នេះ​ត្រូវ​បាន​កែ​លម្អថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ២៥ ០៨១ ដុល្លារ ដល់ ៣០ ២៦១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត GAC Toyota iA5 មានប្រវែងសរុប ៤ ៨១៨ ម.ម ទទឹង ១ ៨៨០​ ម.ម កំពស់ ១ ៥៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ លើសពីនេះ រូបរាងត្រូវបានកែលម្អ ជាពិសេសនៅខាងមុខ មានចង្កៀងមុខប្រភេទ LED Sea eagle ដែលមានមុខងារបិទដោយស្វ័យប្រវត្តិ ភ្លើងបំភ្លឺពេលថ្ងៃ LED, ចង្កៀងក្រោយ LED កាងខាងមុខដែលរចនាយ៉ាងពិសេស កញ្ចក់ចំហៀងដែលអាចបត់បាន ថាសកង់ទំហំ ១៨ អ៊ីញ ស្រោបជាមួយនឹងសំបកកង់ 235/45 R18។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់ដោយអេក្រង់ប្រភេទ LCD ទំហំ ១២,៣ អ៊ីង និងកុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ និងត្រូវបានបំពាក់ដោយប្រព័ន្ធ AI ឧបករណ៍បំពងសំឡេង ៨ចំនុចម៉ាក Hi-Fi ប្រព័ន្ធសេវា 4G ឥតខ្សែ ជាមួយ Wi-Fi, កៅអីអ្នកបើកបរលៃតម្រូវ ៦ទិសដៅនិងកៅអីអ្នកដំណើរខាងមុខលៃតម្រូវបាន ៤ទិសដៅ, កៅអីខាងមុខដែលមានមុខងារក្តៅ-ត្រជាក់, មុខងារអង្គចងចាំនៃកៅអីអ្នកបើកបរ ចង្កូតពហុមុខងារ និងដំបូលបើកបែប sunroof ផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះបានបំពាក់ដោយម៉ូទ័រអគ្គិសនីថ្មី អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រដោយមុខងារសាកថ្មលឿនដោយសាកបានពី ៣០ ទៅ ៨០% ត្រឹមតែរយៈពេល ៤២នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម