[ទីផ្សារបរទេស] ឆមាសដំបូងនៃឆ្នាំ២០២២ បានក្លាយជាឆមាសល្អដាច់គេក្នុងប្រវត្តិសាស្ត្ររបស់ Lamborghini លើការលក់ ដ៏ដូចជាប្រាក់ចំណេញ ដោយក្រុមហ៊ុនអាចបញ្ចេញលក់រថយន្តបានសរុប ៥ ០៩០គ្រឿង។
ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ Lamborghini អាចរកប្រាក់ចំណេញបានរហូតដល់ប្រមាណ ៤៣៤,៦លានដុល្លារ ដែលជាការកើនឡើង ៦៩,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ ប្រាក់ចំណូលសរុបគឺមានប្រមាណ ១,៣៦ពាន់លានដុល្លារ កើនឡើង ៣០,៦% ធៀបនឹងឆ្នាំកន្លងទៅ។
សម្រាប់រថយន្ត ៥ ០៩០គ្រឿង ដែលបានលក់ចេញក្នុងឆ្នាំ២០២២នេះ ជាសញ្ញានៃការកើនឡើង ៤,៩% ធៀបនឹងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ដោយទីផ្សារធំជាងគេគឺនៅតែជាទីផ្សារ EMEA (អឺរ៉ុប, មជ្ឈឹមបូព៌ា, អាហ្វ្រិក) ដែលមានចំណែក ៤១% នៃចំនួនលក់សរុប។
រថយន្តដែលលក់ដាច់ជាងគេ គឺនៅតែជារថយន្តម៉ូដែល Urus ដែលមានចំណែក ៦១% នៃចំនួនលក់សរុប ត្បិតអីថារថយន្តនេះនឹងមានចេញលក់ស៊េរីថ្មីឆាប់ៗក៏ដោយក្ដី។ និយាយដល់រថយន្តថ្មី Lamborghini បាននិយាយថារថយន្តថ្មីដំបូងនឹងលេចមុខក្នុងខែសីហា ខណៈដែលរថយន្តពីរម៉ូដែលទៀតនឹងបង្ហាញវត្តមានមុនដំណាច់ឆ្នាំ២០២២៕