កាលពីពេលថ្មីៗនេះ បើយោងតាមលោក Kwanchai Paphatphong ប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ Motor Expo បាននិយាយថា ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃនេះ នឹងទទួលបានអ្នកទស្សនារហូតដល់ ១,៥ លាននាក់ ដែលនឹងបង្កើតប្រាក់ចំណូលជាង ១,៩៤ ពាន់លានដុល្លារ សម្រាប់វិស័យរថយន្តក្នុងប្រទេសថៃ។
ក្នុងនោះ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងក្នុងរយៈពេល ១២ថ្ងៃ ដែលនឹងចាប់ផ្តើមនៅក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ មានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតរថយន្តចំនួន ៤២ ក្រុមហ៊ុន មកពីប្រទេសចំនួន៩ ក៏ដូចជាក្រុមហ៊ុនម៉ូតូចំនួន ២២ មកពីប្រទេសចំនួន ៧ និងក្រុមហ៊ុនរថយន្តជជុះចំនួន ៥ ។
គួរឲដឹងថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកឆ្នាំ២០២៣ ក្នុងប្រទេសថៃទទួលបានកត់ត្រាកក់រថយន្តសរុបចំនួន ៥៣ ២៤៨ គ្រឿង ហើយរំពឹងថានឹងមានការកើនឡើងក្នុងឆ្នាំ២០២៤ នេះដោយសារមានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតរថយន្ត EV ថ្មីៗរបស់ប្រទេសចិនចំនួន៨ ។
ទន្ទឹមនឹងនេះ ប្រធានសមាគមយានជំនិះអគ្គិសនីថៃលោក Siamnat Panassorn បានរំពឹងថា ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤១ នេះ នឹងធ្វើឲទីផ្សាររថយន្ត EV ក្នុងប្រទេសថៃមានការកើនឡើងវិញ និងមានកម្រិតខ្ពស់ជាងឆ្នាំមុន បន្ទាប់ពីការលក់រថយន្ត EV មានការថយចុះជាខ្លាំងពោលគឺមានចំនួនលក់តិចជាងឆ្នាំមុន៕