កាលពីពេលថ្មីៗនេះ បើយោងតាមរយៈក្រុមហ៊ុនស្រាវជ្រាវ Rho Motion បាននិយាយថា ការលក់រថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់អគ្គិសនី (plug-in hybrids) បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ដោយសារកំណើនជាក់ស្តែងនៅក្នុងទីផ្សារចិន និងអឺរ៉ុប។
ចំពោះការលក់រថយន្ត EV នៅក្នុងខែកញ្ញា បានកើនឡើងចំនួន ៣០,៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ហើយការលក់ទូទាំងពិភពលោកបានឈានដល់ចំនួន ១,៦៩ លានគ្រឿង។ ក្នុងនោះការលក់នៅក្នុងប្រទេសចិនបានកើនឡើង ចំនួន ៤៧,៩ ភាគរយ នៅក្នុងខែកញ្ញា និងឈានដល់ចំនួន ១,១២ លានគ្រឿង ខណៈនៅសហរដ្ឋអាមេរិក និងកាណាដា កើនឡើងចំនួន ៤,៣ភាគរយ ឈានដល់ចំនួនដល់ ០,១៥ លានគ្រឿង ខណៈដែលនៅតំបន់អឺរ៉ុបមានការកើនឡើង ៤,២ភាគរយ ជាពិសេសនៅចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងដាណឺម៉ាក។
លើសពីនេះទៅទៀត ក្រុមហ៊ុន Rho Motion រំពឹងថាការលក់ EV នៅអឺរ៉ុបនឹងឈានដល់ ៣,៧៨ លានគ្រឿងនៅឆ្នាំ២០២៥ និង ៩,៧៨ លានគ្រឿងក្នុងឆ្នាំ២០៣០៕