កាលពីថ្មីៗនេះ យោងតាមប្រភពមួយបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Tesla បានសម្រេចចិត្តផ្អាកគម្រោងសាងសង់រោងចក្រផលិតរថយន្ត gigafactory របស់ខ្លួននៅក្នុងប្រទេសថៃ និងនៅទូទាំងពិភពលោក លើកលែងតែក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសអាឡឺម៉ង់ តែប៉ុណ្ណោះ។
ក្រុមហ៊ុន Tesla បានសម្រេចចិត្តបញ្ឈប់ផែនការរបស់ខ្លួនក្នុងការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍ដូចជានៅប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។ ផ្ទុយទៅវិញ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថាពួកគេបានសម្រេចចិត្តបោះចោលគំនិតសាងសង់រោងចក្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែពួកគេគឺនឹងផ្តោតលើការបង្កើតបណ្តាញស្ថានីយ៍សាកថ្មដ៏រឹងមាំវិញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើតាមការចុះផ្សាយដោយកាសែត The Nation របស់ប្រទេសថៃផ្ទាល់។ គួរបញ្ជាក់ថា ពេលនេះ ក្រុមហ៊ុន Tesla កំពុងធ្វើការស្ទង់មតិក្នុងការកំណត់ទីតាំងរោងចក្រដែលមានសក្តានុពលចំនួន៣ នៅក្នុងប្រទេសថៃ ហើយត្រូវបានគេរំពឹងថានឹងទទួលការវិនិយោគលើសពី ៥ ពាន់លានដុល្លារ លើការបង្កើតបណ្តាញស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីក្នុងប្រទេសថៃ។
គួរឲដឹងផងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ នាយករដ្ឋមន្ត្រីថៃលោកស្រី ស្រេតថាថាវីស៊ីន ធ្លាប់បានប្រកាសថាក្រុមហ៊ុផលិតរថយន្ត Tesla បានកំណត់គោលដៅយកប្រទេសថៃក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដែលធំជាងគេដើម្បីប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី បន្ទាប់ពីមានកិច្ចប្រជុំជាច្រើនដងជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla ទាំងនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក។ ជំរាបផងថា ក្រៅពីគម្រោងបញ្ឈប់គម្រោង gigafactory នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Tesla ក៏បានពន្យារពេលគម្រោង gigafactory របស់ខ្លួន នៅក្នុងប្រទេសម៉ិកស៊ិក ហើយផែនការគម្រោង gigafactory នៅក្នុងប្រទេសឥណ្ឌាក៏ត្រូវបានបញ្ឈប់ផងដែរ៕